សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Dalila Yasmin AMRI SUED ឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ លោកជំទាវនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវបានប្តេជ្ញាថា តាមរយៈបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕
ប្រភព៖នាយកដ្ឋានព័ត៌មាន