សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមការផ្ទុះឡើងថ្មីនៃការឆ្លងកូវីដ១៩ ថាជាព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

សៀមរាប៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រសិទ្ធនាមនូវការផ្ទុះឡើងថ្មី នៃការឆ្លងកូវីដ១៩ ដែលបានរកឃើញលើស្ត្រីម្នាក់នៅថ្ងៃទី២៨វិច្ឆិកា ថាជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
សម្ដេចតេជោ បានមានប្រសាសន៍ថា ការប្រសិទ្ធនាមព្រឹត្តិការណ៍នេះ គឺដើម្បីចៀសវាងប្រើប្រាស់ឈ្មោះឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃតទៅទៀត។
សម្ដេចតេជោ បន្ថែមដូច្នេះថា « នេះជាលើកដំបូង ដែលយើងបានចាប់ផ្ដើមឆ្លងចូលក្នុងសហគមន៍ ដែលជាព្រឹត្តិការណ៍រកមិនឃើញក្បាលកន្ទុយ ថាវាចេញមកពីទីណា? ហើយបង្កប់ខ្លួននៅទីណា? ចំណុចនេះគឺជាចំណុចដែលមានការបារម្ភធំបំផុត»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្នុងល្បឿនលឿន និងទ្រង់ទ្រាយធំ។ សម្ដេចតេជោ បន្ថែមថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា រហូតមកពេលនេះក្រសួងសុខាភិបាលទទួលបាន ៣៣៣២ សំណាក មកពី៧ខេត្ត និងបានធ្វើតេស្តបានចំនួន ២២៤៧សំណាក ក្នុងនោះបានរកឃើញ ១៤ករណីឆ្លងវីរុសកូវីដ១៩ និងមានម្នាក់ទៀតលទ្ធផលពីខេត្តសៀមរាបក៏ឆ្លងដែរ(ជាកូនស្រីឯកឧត្ដម ឆែម សាវុធ) តែមិនទាន់ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅឡើយទេ។
សម្ដេចតេជោ បានលើកឡើងផងដែរថា ពេលនេះមិនមែនជាពេលត្រូវបន្ទោសគ្នា ហើយមិនមែនត្រូវទំលាក់កំហុសដាក់នរណាម្នាក់ឡើយ គឺជាពេលដែលយើងត្រូវសាមគ្គីភាពគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ។ រយៈពេលជិត ១១ខែមកនេះ កម្ពុជា បានបញ្ជៀសការឆ្លងក្នុងសហគមន៍។
សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាបានកំពុងប្រយុទ្ធលើសមរភូមិបី ទី១.ការទប់ស្កាត់ការនាំចូល ទី២.ទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍ និងទី៣.ការព្យាបាលអ្នកដែលបានឆ្លងឲ្យជាសះស្បើយ៕
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ១៩