គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ប្រកាសរឹតបន្តឹងការស្នើសុំនីតិសម្បទាធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំCNRP

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន ប្រកាសរឹតបន្តឹងការស្នើសុំនីតិសម្បទាធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំCNRP សម្តេចតេជោ ហ៊ុន សែន ប្រកាសរឹតបន្តឹងការស្នើសុំនីតិសម្បទាធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំCNRP

    ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរឹតបន្តឹងលើការស្នើសុំនីតិសម្បទា ធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ មួយចំនួនទៀត ដែលជាប់បម្រាមតុលាការ ដោយសម្តេចបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សំណើរបស់អ្នកទាំងនោះ នឹងត្រូវទុកពេលពិចារណាមួយរយៈសិន។

    ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការបដិសេធមិនស្នើសុំសិទ្ធិធ្វើនយោបាយជូនដល់ អតីតសមាជិកជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ២រូប នោះគឺ លោក ជួង ជូងី និង លោក ញ៉ឹម គឹមញ៉ុល។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលមុននៅពេលមានសំណើដាក់មកភ្លាមស៊ីញ៉េ ប៉ុន្តែឥឡូវអត់ទេ ចាប់ពីពេលនេះទៅ ត្រូវពិនិត្យសិន បើមិនអញ្ចឹងទេ ត្រូវចាំដល់ខែ១១ ឆ្នាំ២០២២ អាហ្នឹងរួចផុតពីផ្លូវច្បាប់ហើយ ចង់ធ្វើអីធ្វើទៅ»

    សម្តេចបន្តថា «បើគាត់មិនបានប្រព្រឹត្តខុសទេយើងត្រូវផ្ដល់ឲ្យគាត់ ប៉ុន្តែខ្ញុំក៏មិនផ្អែកតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃទាំងស្រុងដែរ ទោះបីជារដ្ឋមន្រ្តីមហាផ្ទៃថា អ្នកហ្នឹងមិនដែលប្រព្រឹត្តខុស ប៉ុន្តែយើងព្យាករណ៍ដឹងថា អ្នកហ្នឹងមុខជាមកដើម្បីបំផ្លាញហើយ មិនឲ្យសិទ្ធិអ្នកឯងទេ»

    សូមបញ្ជាក់ថា​ លោក ជួង ជូងី និង លោក ញ៉ឹម គឹមញ៉ុល ដែលត្រូវតុលាការកំពូលកាត់ទោសមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ជាមួយនឹងអតីតថ្នាក់ដឹកនាំអតីត CNRP ១១៨នាក់ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ បានដាក់សំណើទៅកាន់ក្រសួងមហាផ្ទះកាលពីខែមិថុនា ឆ្នាំ២០២១ ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើយវិញ៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង