គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិ សម្តេចតេជោ ហ៊ុន សែន ទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិ

    បន្ទាប់ពីបានអនុញ្ញាតឱ្យប្រធានអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ជួបសម្តែងការគួរសម និងសំណេះសំណាលការងាររួចហើយនោះ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អន្តរជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។

    អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានអញ្ជើញមកចូលរួមសង្កេតពីដំណើរការបោះឆ្នោតនៅកម្ពុជា មានដូចជាអង្គការ CDI, CAPDI, ICAPP, IPTP និង AIPA ជាដើម។ ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិនេះ ពួកគេនឹងអញ្ជើញចុះទៅតាមមណ្ឌលបោះឆ្នោតនានា ដើម្បីសង្កេត និងវាយតម្លៃដោយផ្ទាល់ពីដំណើរការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ។

    ក្នុងជំនួបនេះ ឯកឧត្តមAndres Pastrana និងប្រតិភូទាំង ១១ក្រុម រួមទាំងប្រតិភូខ្មែរសញ្ជាតិបរទេសមកពីប្រទេស អូស្ត្រាលី និងកូរ៉េ បានគោរពសម្ដែងនូវអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញប្រតិភូទាំងអស់ មកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលនេះ និងបានគោរពជូនពរ ឱ្យដំណើរការបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដំណើរការបានល្អនិង សុវត្ថិភាពនិងគ្មានអំពើហិង្សា ។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ប្រតិភូសង្កេតការណ៍ទាំងអស់ ដោយបានជម្រាបជូនប្រតិភូទាំងមូល អំពីប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ សម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់។ ពេលដែលសម្ដេចតេជោ ចូលមកភ្នំពេញដំបូង បានជួបប្រជាជនតែ ៧០នាក់ប៉ុណ្ណោះ នៅរាជធានីភ្នំពេញពេលនោះ ជាវាលរហោស្ថាន មិនដូចភ្នំពេញនាពេលនេះទេ ដែលមានការកកស្ទះចរាចរណ៍ផង និងអាគារខ្ពស់ផង។ អង្គការសហប្រជាជាតិធ្លាប់បានបញ្ជូនកងទ័ពមកខៀវមកកម្ពុជា តែពេលនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅប្រតិបត្តិការនៅប្រទេសដទៃ។ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ផ្ដើមតាំងពីឆ្នាំ២០០២ ដែលនេះជាការបោះឆ្នោតសកល ហើយការបោះឆ្នោតនេះ គឺជាការផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ ដើម្បីបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ត ព្រឹទ្ធសភា។

    សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះប្រតិភូសង្កេតការណ៍ទាំងអស់ ដែលបានមកធ្វើការសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលនេះ ដោយសង្កេតមើលដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយ ដែលធ្លាប់តែល្បីល្បាញអំពីការធ្វើសង្គ្រាម ការកាប់សម្លាប់ប្រល័យពូជសាសន៍ ប្រែក្លាយជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត ។

    សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូអំពីភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះ កម្ពុជា មិនមានការឆ្លងរយៈពេលជាង ២០ថ្ងៃហើយ។ លើសពីនោះទៀត ការដំណើរការឃោសនា ១៤ថ្ងៃកន្លងមកនេះ គឺមានភាពរលូនល្អ គ្មានអំពើហិង្សា ទាំងពាក្យសម្ដី ទាំងកាយវិការ ៕

     

    អត្ថបទទាក់ទង