សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ ៨ចំណុច ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះជនមានពិការភាព ជាពិសេសអំឡុងវិបត្តិកូវីដ១៩
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន ៨ចំណូច ដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះជនមានពិការភាព ជាពិសេសក្នុងស្ថានភាពដែលបាននិងកំពុងមានការឆ្លងនូវជំងឺកូវីដ១៩។
ក្នុងសារលិខិតផ្ញើជូនជនរួមជាតិក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៣៨ថ្ងៃទី ៣ខែធ្នូឆ្នាំ ២០២០នេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងតែបានរៀបចំប្រារព្ធមីទ្ទីង ដើម្បីអបអរទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិ ៣ ធ្នូ។ ឆ្នាំ២០២០នេះ សាកលលោកបានជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពលមកដល់ព្រះរាជាណាចក្រកម្ពុជាយើងជាហេតុមិនអាចធ្វើឲ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធមីទ្ទីងដូចសព្វមួយដងបាន។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ ៨ចំណុច ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះជនពិការ រួមមាន៖
១. គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព ដោយរៀបចំផែនការសកម្មភាព និងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។
២. គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលហើយផ្ដល់គ្រប់លទ្ធភាព ធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួលបានសម្ភារៈ ព័ត៌មានស្ដីពីការបង្ការ និងការពារជំងឺកូវីដ១៩។
៣. សូមបងប្អូនមានពិការភាពទាំងអស់ រក្សាវិធានការសុខាភិបាលដោយត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ លាងដៃនឹងអាកុល សាប៊ូ ឬជែលឱ្យបានខ្ជាប់ខ្ជួននៅតាមទីកន្លែងសាធារណៈនានានិងនៅតាមសហគមន៍។
៤. គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណៈសម្បត្តិនិងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឲ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើងរាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
៥. ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជនសង្គមស៊ីវិលរោងចក្រសហគ្រាសនិងគ្រឹះស្ថានទាំងអស់ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវនិងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពអោយចូលបំរើការងារបន្តនិរន្តភាពការងារដូចអ្នកដទៃដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។
៦. ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩ -២០២៣ ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ និងគោលនយោបាយជាតិនានា ដើម្បីជាឧត្តមប្រយោជន៍សុខមាលភាពដល់បងប្អូនមានពិការភាពគ្រប់ប្រភេទនិងគ្រប់កម្រិត។
៧. ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទដូចជាការរៀបចំចំណតយានយន្ត ពិសេសសម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន និងមន្ទីរ ផ្លូវថ្នល់ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកំសាន្តគ្រឹះស្ថានអប់រំ សណ្ឋាគារមន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូនជាដើម។ល។
៨. ក្រសួងព័ត៌មានត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំង គ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឲ្យបានទូលំទូលាយដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្ដីពីការរាតត្បាត និងវិធីសាស្ត្រការពារជំងឺកូវីដ១៩ ដើម្បីមនុស្សគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា៕