សម្ដេចពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន ៦ខែ សម្រាប់ចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩

ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋភាកម្ពុជា បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៦ខែ (ចាប់ពីខែធ្នូ ឆ្នាំ២០២០តទៅ) សម្រាប់ចូលរួមទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ។
សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែបានគិតគូរ និងយកចិត្ត ទុក ដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេស ក្នុងដំណាក់កាលជួប វិបត្តិកូវីដ-១៩ ដោយបានដាក់ចេញនូវ វិធានការយ៉ាងម៉ឹងមាត់ និងគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ សម្ដេចប្រធានរដ្ឋសភាក៏បានលើកទឹកចិត្ត ដល់សមាជិក-សមាជិកា រដ្ឋសភាទាំងអស់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីចូលរួមថែរក្សាការពារសុខភាពប្រជាពលរដ្ឋ។
សម្ដេចពញាចក្រី បានធ្វើការអំពាវនាវដល់ជនរួមជាតិទាំងអស់ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មេត្តាបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកទី២ និងលើកទី៣ តាមការកំណត់របស់ក្រសួងសុខាភិបាល ឲ្យហ្មត់ចត់ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ បង្ករជាគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សង្គមជាតិ។
បន្ថែមលើសពីនេះ សម្ដេចពញាចក្រី ក៏បានអំពាវនាវដល់ជនរួមទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារទាំងឡាយ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច គួរជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គម និងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃ ជាប្រចាំហើយមិនត្រូវចេញពីផ្ទះឡើយបើមិនមានការចាំបាច់។
សម្ដេចប្រធានរដ្ឋសភា ក៏បានបញ្ជាក់ដែរថា នៅថ្ងៃនេះ សម្ដេច និងសមាជិកគ្រួសារ ដែលបានពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី២ ផងដែរ ហើយសុខភាពសម្ដេច និងសមាជិកគ្រួសារទាំងអស់មានលក្ខណៈល្អប្រសើរជាធម្មតា ហើយសម្ដេច និងក្រុមគ្រួសារ នឹងបន្តធ្វើចត្តាឡីស័កក្នុងផ្ទះរហូតគ្រប់១៤ថ្ងៃ។
សម្ដេចក៏បានជូនពរជនរួមជាតិ ទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជំងឺកូវីដ-១៩ ដ៏សាហាវនេះ ជៀសចេញចាកឆ្ងាយពីសលកលោកយើងនេះ ក្នុងពេលឆាប់ៗនេះទៅ៕