គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន

    នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន តាមប្រព័ន្ធវីដេអូ។
    នៅក្នុងជំនួបនោះ អ្នកដឹកនាំទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី តំបន់ និងឆាកអន្តរជាតិផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ជាពិសេសការផ្តល់នូវជំនួយនានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខាន់សម្រាប់តម្រូវការរបស់កម្ពុជាក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩។

    ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានរំលឹកដល់កិច្ចសហប្រតិបត្តិការទាំងឡាយក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះបានរំលឹកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ដែលជាការបញ្ជូនកងទ័ពចេញក្រៅប្រទេសលើកដំបូងរបស់ជប៉ុន។ ក្នុងន័យនេះ សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន ចង់ឃើញមានការរៀបចំពិធី ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅឆ្នាំ២០២២ ដែលជាខួប ៣០ឆ្នាំនៃការបញ្ជូនកងទ័ពរក្សាសន្តិភាពនេះ។

    សម្តេចតេជោក៏បានស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ហើយបន្តជំរុញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុន និងកម្ពុជា។ ជាពិសេសជួយផ្តល់ការហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។
    សម្តេចតេជោ ក៏បានស្នើឱ្យមានការហោះហើរឡើងរបស់ជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយឡើងវិញ។

    សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងឆ្លៀតអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។ សម្តេចតេជោក៏បានឆ្លៀតសង្កត់ធ្ងន់ជាចុងក្រោយថា កម្ពុជា ជាមិត្តមួយដ៏ស្មោះត្រង់របស់ជប៉ុន។

    សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសជប៉ុន។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម៕

    អត្ថបទទាក់ទង