គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ដាក់ចេញវិធានការ ១២ចំណុច ដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី២០២០ -២០២១ ទទួលបានលទ្ធផលល្អប្រសើរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ដាក់ចេញវិធានការ ១២ចំណុច ដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី២០២០ -២០២១ ទទួលបានលទ្ធផលល្អប្រសើរ សម្ដេចតេជោ​ ហ៊ុន​ សែន​ ដាក់ចេញវិធានការ ១២ចំណុច ដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី២០២០ -២០២១ ទទួលបានលទ្ធផលល្អប្រសើរ

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ដែលជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ បានដាក់ចេញនូវវិធានការ ១២ចំណុច ដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ ។

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែង សារលិខិតទៅកាន់ជនរួមជាតិ ជាពិសេសលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិត យុវជនយុវនារី ថា ថ្ងៃទី១១ ខែមករាឆ្នាំ ២០២១ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស និស្សិតនិងជាកុលបុត្រកុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នាបន្ទាប់ពីបានឆ្លងកាត់និងទទួលនូវបទពិសោធន៍ នៃការអប់រំក្នុងសម័យកូវីដ១៩ក្នុងឆ្នាំសិក្សា ២០១៩- ២០២០ កន្លងមកនេះ ទោះបីក្នុង រូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ។

    សម្ដេចបានយកឱកាសថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី មាតា បិតាអាណាព្យាបាលសប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រនិងផ្ដល់នូវការរៀនសូត្រដល់សិស្សានុសិស្សនិស្សិតតាមគ្រប់រូបភាពក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩។

    សម្ដេចបានមានប្រសាសន៍ថា ថ្វីដ្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ដ៏មានសារសំខាន់ក្រោមទស្សនាទានថ្មីគឺគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ។

    នៅក្នុងសារលិខិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១នេះ បានលើកឡើង ១២ ចំណុច ដើម្បីឲ្យ​ដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរដែលក្នុងនោះរួមមាន ៖

    ទី១-រាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់អាទិភាពទី១ ចំពោះវិស័យអប់រំនិងសុខាភិបាលបន្ទាប់ពីកម្ពុជាទទួលបានផលពីតំណក់ប្រេងដំបូងស្របពេលខួបលើកទី ២២ ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញនិងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូលនៅក្នុងរយៈពេល ២២ ឆ្នាំមកនេះ។

    ទី២-សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ១៩ ដោយអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ”ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងគ្រឹះស្ថានសិក្សាការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សាការរក្សាគម្លាត១,៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ។

    ទី៣-ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនទានថ្មី”គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”ដោយគិតគូរអំពីជម្រើសឲ្យបានច្រើន ក្នុងការផ្ដល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀននិងរៀនដែលមានភាពទន់ភ្លន់នឹងធ្វើវិមជ្ឈការនៃសេវាអប់រំអាស្រ័យទៅតាមទីតាំងភូមិសាស្រ្តស្ថានភាពនៃហានិភ័យឆ្លងរាលដាលកូវីដ១៩ និងស្ថានភាពអប់រំ។ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តជំរុញ”ការអប់រំឌីជីថល”ឲ្យទាន់សភាពការណ៍ជាតិតំបន់និងសាកលលោក។

    ទី៤-ក្រសួងអប់រំយុវជននិងកីឡាត្រូវរៀបចំនិងអនុវត្តកម្មវិធីសិក្សាបំព្រួញដោយកំណត់ជាមុខវិជ្ជា កាតព្វកិច្ច និងមុខវិជ្ជាជម្រើសមេរៀនសិក្សាក្នុងថ្នាក់រៀននិងរៀនស្វ័យសិក្សាដើម្បីធានាថាការរៀនសូត្ររបស់សិស្សានុសិស្ស បានពេញលេញ ផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅ ជាពិសេសមេរៀនសម្រាប់ថ្នាក់ទី៩និងទី១២ និងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។

    ទី៥-ក្រសួងអប់រំយុវជននិងកីឡាត្រូវធ្វើការពិនិត្យឡើងវិញឲ្យបានស្របនឹងបរិបទថ្មីៗដែលតម្រូវអោយមានភាពរស់រវើក នឹងកាន់តែធានាបាននូវភាពស័ក្កិសិទ្ធិនៃការដឹកនាំនិងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀនការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំនិងហិរញ្ញប្បទានសហប្រតិបត្តិការ ការអនុវត្តវិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យអប់រំនិងការអភិវឌ្ឍសមត្ថភាពនិងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលានិងគ្រូបង្រៀន។

    ទី៦-ក្រសួងអប់រំយុវជននិងកីឡាត្រូវផ្ដោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្របង្រៀនតាមបែបការរិះរកនិងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី ២១ ដែលជាវិធីសាស្រ្តតាមបែបចម្រុះ ។

    ទី៧-គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀននិងរៀនដើម្បីឲ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនដែលមានប្រសិទ្ធភាព។

    ទី៨-លោកគ្រូអ្នកគ្រូទាំងអស់សូមបន្តដើរតួរជាបុគ្គលិកនាំមុខ ជាឪពុកម្ដាយទីពីរ ជាមគ្គទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងចំណេះដឹងទាំងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងភាសាបរទេសដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្ស និស្សិតឲ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍន៍ខ្លួនទៅជាពលរដ្ឋសកលនិងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

    ទី៩-ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវអោយបានខ្ជាប់ខ្ជួននិងចូលរួមឲ្យបានសស្រាក់សស្រាំក្នុង”អំពើល្អ”ដើម្បីការរីកចម្រើននៅក្នុងគ្រួសារក្នុងសង្គមនិងប្រទេសជាតិយើងទាំងមូល។ជាមួយគ្នានេះដែរ សូមក្មួយៗចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រលាញ់ឪពុកម្ដាយ និងសង្គមជាតិយើង គឺត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន។

    ទី១០-មាតាបិតា អ្នក អាណា ព្យាបាលគ្រប់រូប សូមនាំកូននាំចៅមកចុះឈ្មោះចូលរៀននិងបន្តផ្តល់ការគាំទ្រការលើកទឹកចិត្តនិងការបង្រៀនបន្ថែមដល់កូនដល់ចៅតាមគ្រប់រូបភាព។

    ទី១១-ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីសហគមន៍និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀនដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការគាំទ្រផ្សេងទៀតតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមសហការរបស់ក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាពការអប់រំអំពីអនាម័យនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានម៉ឹងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានឆ្លងជំងឺកូវីដ១៩នៅក្នុងគ្រឹះស្ថានសិក្សា។

    ទី១២-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀននិងសារសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំនិងវីដេអូបង្រៀនដើម្បីឲ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ទីកន្លែងគ្រប់ពេលវេលាស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង