គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី “

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី “ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី “

    នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ផលិត​ភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបូរណ៌មី ” ។

    រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ” ដែលពីដំបូងឡើយគ្រោងថតផលិត ភាពយន្ត​ភាគ​ចំនួន ៤៤ភាគ ឥឡូវក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីក​នូវ​សេណារីយូ​ដោយ​បញ្ជូល​នូវ​តួអង្គ​ប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទ​ភាពយន្ត​កើន​ឡើងរហូត​ដល់​៥២ភាគ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងដោយ​មាន​ការ​ផ្ចិតផ្ចង់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។

    នៅក្នុងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ របស់​គណៈកម្មការ​ផលិត​ខ្សែ​ភាគ​យន្តភាគ​រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី លោក ហ៊ុយ វាសនា អ្នកដឹកនាំរឿង បានឲ្យដឹងថា ក្រោយ​ពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោនាយករដ្ឋមន្រ្តី កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីក្រុងពាលី គណៈកម្មការបានរៀបចំបំពេញបន្ថែមនូវសេណារីយូ ដោយ​បញ្ចូលតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមមួយចំនួនទៀត ធ្វើឲ្យអត្ថបទ​ភាព​យន្ត​កើនពី៤៤ភាគ ដល់៥២ភាគ ដោយមានការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការ​ជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអនុញ្ញាតឲ្យគណៈកម្មការ បានសាងសង់ទីតាំងសម្រាប់ថតសំខាន់ៗ មួយចំនួន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ នៃបញ្ជាការដ្ឋានអង្គរក្ស។

    លោក ហ៊ុយ វាសនា បន្តថា ភាពយឺតយ៉ាវនៃការថត ដែលគ្រោងអនុវត្តក្នុងខែមករា ដោយសារ​ ទី ១) បណ្តាមកពីបញ្ហាជំងឺកូវីដ១៩ និងទី២) គឺពាក់ព័ន្ធទៅនឹងតួអង្គប្រវត្តិសាស្រ្តខ្លះ ដែល​ត្រូវ​បំពេញ​បន្ថែម និងសម្ភារៈមួយចំនួន ត្រូវ ស្វែងរក។ ជារួមការងារផលិតថតភាពយន្តភាគ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២តទៅ ដោយក្រុមការងារ និងសិល្បៈករ សិល្បៈការិនីទាំងអស់ បានរួមគំនិតគ្នាជាធ្លុងមួយ ដើម្បីផលិត​ខ្សែ​ភាពយន្ត​ភាគ​ប្រវត្តិសាស្រ្ត​មួយនេះ គោរពជូនសម្តេចទាំងទ្វេ ឲ្យបាន សម្រេចជោគជ័យ ១០០ភាគរយ។

    ថ្លែង​ទៅ​កាន់គំណៈកម្មការ អ្នកនិពន្ធ អ្នកដឹកនាំរឿង ក្រុមអ្នកបច្ចេកទេសថត និងតួសំដែង​ទាំងអស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកជាថ្មីម្តងទៀតដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថតទាំងអស់ ត្រូវខិតខំបន្ត​សិក្សាស្រាវជ្រាវ​ឲ្យកាន់​តែ​ស៊ីជំរៅ ថែមទៀត ទាក់ទិនទៅនឹងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង តួសំដែង​គ្រប់​តួអង្គ ទាំងអស់ ក្នុងភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែល​ជា​រឿង​ភាគ​មួយ ទាក់ទិនទៅនឹងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្រ្គាម លុន ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំ​ភរិយា​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេស​ទាក់ទិន​ទៅ​នឹង​ជីវិត​ពិត​របស់សម្តេចផ្ទាល់ ការចាកចេញពី មាតា បិតា បងប្អូនបង្កើត​របស់​សម្តេច​ពី​ភូមិ​កំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់​នៅ​អាស្រ័យ​ជា​មួយ​ព្រះសង្ឃ​ក្នុង​វត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។

    សម្តេចតេជោ​នាយករដ្ឋមន្រ្តីបានបន្តដាស់តឿនហើយ ដាស់តឿនទៀត ដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត ពីតួសំដែង​នៃ​តួអង្គ​ប្រវត្តិសាស្រ្តនិមួយៗ ក្នុងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ពិសេស​តួអង្គមេបញ្ជាការ សំរេច ដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឆ្លង​កាត់​សមរភូមិ​រាប់មិនអស់ រហូតធ្លាក់ខ្លួនពិការភ្នែក និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែល​សំដៅទៅ​លើ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ​បន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្លែងទៀត​សោតត្រូវ​តែមា​ន​ការ​ហ្វឹកហាត់ បណ្តុះបណ្តាល ឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជម្រៅទៅ​នឹ​ង​ប្រវត្តិសាស្រ្ត​ពិត​ដែល​បាន​កើតឡើងទាក់ទិនទៅនឹងសាច់រឿងទាំងមូល។

    នៅក្នុងពិធី​សំណេះសំណាលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុម​ការងារទាំងអស់ ក៏ដូចជាតួសំដែងសិល្បៈករ សិល្បៈការិនីទាំងអស់ សូមមានជោគជ័យថែមទៀត ក្នុងការ​ថត​ខ្សែភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុក ដើម្បីបានដាក់បញ្ចាំងឲ្យប្រជាជនកម្ពុជា ក៏ដូចអន្តរជាតិ បានសិក្សាស្វែងយល់ពី ដំណើររឿងប្រវត្តិសាស្រ្តដ៏ល្អឯង និងជាវណ្ណកម្មរបស់កូនខ្មែរ៕

    អត្ថបទទាក់ទង