សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាគ្រោងដាក់ចេញផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ សម្រាប់ឆ្នាំ២០២១-២០២៣
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបាននិងកំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដោយផ្ដល់អាទិភាពចំបងចំនួន ៣សំខាន់ៗ។
ថ្លែងនៅក្នុងសារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើនជាពិសេសស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។ រហូតមកដល់ពេលបច្ចុប្បន្ននេះនៅទូទាំងសកលលោក ប្រជាជនជាង២០០លាននាក់បានឆ្លង និងជាង៤លាននាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះពិភពលោកក៏កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចជាសកល តាមរយៈការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដោយសារការបង្អាក់លំហូរសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានជាអាទិ ខ្សែចង្វាក់ផលិតកម្ម ការធ្លាក់ចុះនៃតម្រូវការ និងការផ្គត់ផ្គង់ទំនិញ សេវាកម្ម ទេសចរណ៍ ជួបផ្សំនឹងការដាក់ចេញវិធានការរឹតត្បិតផ្នែករដ្ឋបាលក្នុងការធ្វើដំណើរ និងការបិទខ្ទប់នៅតាមតំបន់ភូមិសាស្ត្រនានា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការបំប្លែងថ្មីនៃវីរុសកូរ៉ូណា។
សម្ដេចតេជោ បានបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រង់ទិសដៅគោលនយោបាយ និងធនធានរបស់ខ្លួនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ តាមរយៈការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន ១៣លាននាក់តាមការគ្រោងទុក ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ស្ដារនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឲ្យបានឆាប់រហ័សដោយបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។
សម្ដេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដោយផ្ដល់អាទិភាពចំបងចំនួន ៣៖
ទី១. ស្ដារឡើងវិញ គឺកសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅរកកំណើនឡើងវិញ ដោយផ្ដោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងការជំរុញឲ្យងើបឡើងវិញ នៃធុរកិច្ចដែលមានសក្ដានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឲ្យបានច្រើន និងឆាប់រហ័ស។
ទី២. កែទម្រង់ គឺបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលមរួមមានការធ្វើឲ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងឯកជន។
ទី៣. កសាងភាពធន់ គឺពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធភាព និងការធានាចីរភាព និងបរិយាប័ន្ន នៃការស្ដារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។