សម្តេចតេជោ ស្នើឲ្យអាស៊ានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៧(27Th ATM) និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអាស៊ានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល, ការកកស្ទះចរាចរឧស្ម័ន, ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត ។
សម្តេចបានថ្លែងថា ជាជំហានទៅមុខ កម្ពុជាយល់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លង ប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ាន ទាំងមូលទៅជាតំបន់មួយដែលមានភាពធន់, ភាពប្រកួតប្រជែង និងបរិយាប័ន្ន ។ ក្នុងបរិបទនេះ, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការរីកចម្រើនខាងផ្នែក សេដ្ឋកិច្ច ជាមួយនឹងគម្លាតអភិវឌ្ឍន៍តិចតួច និងការតភ្ជាប់គ្នាដោយរលូនរវាងប្រទេសជាសមាជិក និង ជាមួយពិភពលោក តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង ៣ គឺ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន ។
មានប្រសាសន៍ថ្លែងក្នុងកិច្ចប្រជុំនេះដែរសម្ដេចតេជោ ហ៊ុន សែន បានចែករម្លែកទស្សនៈជូនរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើដំណើរការ នៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ។
សម្តេចបានបន្តថា អាស៊ានត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ, ស្វែងរកមូលនិធិ និងជំនួយបច្ចេកទេស ព្រមទាំង ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ។ ខ្ញុំសូមបញ្ជាក់ជូន អង្គពិធីផងដែរថា ក្រោយពីកម្ពុជាបានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ សម្តេចសង្ឃឹមថា កម្ពុជា នឹងអាចទទួលបាន និងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល ។
វិស័យដឹកជញ្ជូនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដ ប្រមាណ ២០ ភាគរយ ដែលជា ប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុ ។ ក្នុងន័យនេះ, សម្តេចសូមស្នើឱ្យអាស៊ាន បន្តអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើ ប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល, ការកកស្ទះចរាចរឧស្ម័ន, ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត ។ ការជំរុញអនុវត្តការងារទាំងនេះ នឹងចូលរួមកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់ពិភពលោក យើងទាំងមូល ។
អាស៊ានត្រូវបន្តខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈម ដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងពិភពលោក ពិសេសតាមរយៈការជំរុញការអនុវត្តនូវលិខិតុបករណ៍ គតិយុត្ត ដូចជា ៖ (១). សេចក្តីណែនាំស្តីពីការកែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកទៅលើស្តង់ដាររបាយការណ៍របស់អង្គការសហប្រជាជាតិ, (២)សេចក្តីប្រកាសព្រុយណេដារ៉ូស្សាឡាម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២០ និងទិសដៅថ្មី ឆ្នាំ ២០៣០ ដែលកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងតិច ៥០% ពីឆ្នាំ ២០២១ ទៅឆ្នាំ ២០៣០។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ បានចែករំលែកនូវយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការប្រយុទ្ធ និងឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ប្រកបដោយភាពស្វាហាប់ និងបុរេសកម្ម រហូតឈានដល់ការប្រកាសជាផ្លូវការនូវការបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ជារួមកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្ត្រគន្លឹះ និងបានបើកយុទ្ធនារការជាតិចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជាចាប់ពីអាយុ ៥ឆ្នាំឡើង។ គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាសម្រេចបានអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងច្រើនជាង ៨៧ភាគរយ នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់។
សម្ដេចតេជោបានគូសបញ្ជាក់ផងដែរថា ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន អស់រយៈពេលជាង ២០ឆ្នាំមកនេះ កម្ពុជាបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ ដែលមានសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងផ្លាស់ប្ដូរអាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ដែលមានសារៈសំខាន់ជាសកល។ ក្នុងនាមជាប្រធានអាស៊ាន នាឆ្នាំ២០២០ កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និតជាមួយបណ្ដាប្រទេសជាសមាជិក និងដៃគូដទៃទៀតក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗ របស់អាស៊ានឆ្ពោះទៅរកការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិនៃជំងឺកូវីដ១៩ ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល ៕