អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាមថ្លែងថា កម្ពុជាជាប្រទេសមានវប្បធម៌ និងអរិយធម៌ដ៏ប្រពៃ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម បានថ្លែងថា ទោះបីពលរដ្ឋកាន់សាសនាឥស្លាមនៅកម្ពុជាមានភាគរយតិច តែពួកគាត់មានយល់ដឹង និងរស់នៅយ៉ាងស្រុះស្រួលជាមួយពលរដ្ឋកាន់សាសនាផ្សេងទៀត។
ឯកឧត្ដមបានបញ្ជាក់ថា ការរស់នៅស្រុះស្រួលគ្នានេះ គឺជាការបង្ហាញឱ្យឃើញថាកម្ពុជាជាប្រទេសមានវប្បធម៌ និងអរិយធម៌ដ៏ប្រពៃ ដែលឯកឧត្តមនឹងចែករំលែកទៅកាន់វេទិកាអន្តរជាតិ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមអគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម បានចូលជួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនេះដែរសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បើទោះបីជាកិច្ចសហប្រតិបត្តិការបច្ចុប្បន្នជាមួយការអង្គការសម្ព័ន្ធពិភពឥស្លាម នៅមិនទាន់មានចំនួនច្រើនក្ដី ប៉ុន្តែសម្ដេចបានសម្ដែងក្ដីសង្ឃឹមទៅថ្ងៃខាងមុខកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងកាន់តែមានការរីកចម្រើនថែមទៀត។ សម្ដេចបន្តថានៅកម្ពុជា ការប្រតិបត្តិសាសនាឥស្លាមរបស់ពលរដ្ឋក៏កំពុងតែមានភាពរស់រវើក ពិសេសនៅក្រោយរបបប្រល័យពូជសាសន៍ និងដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa បានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្តមពិតជាមានភាពរីករាយយ៉ាងក្រៃលែងដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសឯកឧត្តមបានដឹងថាកម្ពុជាជាប្រទេសមានសុខដុមផ្នែកសាសនា មានការអត់ឱនឱ្យគ្នា និងមានការគោរពស្រលាញ់គ្នាទៅវិញទៅមក រួមទាំងសុខសន្តិភាពទៀតផង៕