គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន៖ ​កម្ពុជាស្វាគមន៍ ឯកឧត្តម ប្រធានាធិបតីទីម័រ​ឡេស្តេ ក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន៖ ​កម្ពុជាស្វាគមន៍ ឯកឧត្តម ប្រធានាធិបតីទីម័រ​ឡេស្តេ ក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៖ ​កម្ពុជាស្វាគមន៍ ឯកឧត្តម ប្រធានាធិបតីទីម័រ​ឡេស្តេ ក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅកម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បាន​អញ្ជើញ​មក​ដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរ​ទស្សន​កិច្ច​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងចូល​ក្រាប​បង្គំគាល់​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ឯកឧត្តម ប្រធានាធិបតី ក៏​នឹង​មាន​ជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

    សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើ​ឯកសារ​ទ្វេភាគី​ដ៏​មាន​សារ​សំខាន់​ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។

    ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

    ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

    អត្ថបទទាក់ទង