លទ្ធផលតេស្តលើកចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អវិជ្ជមានវីរុសកូវីដ១៩
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានឲ្យដឹងថា សម្ដេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងអ្នករស់នៅជាមួយ បានធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ បង្ហាញថាអវិជ្ជមានកូវីដ១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។
សម្ដេចតេជោ បានសរសេរលើទំព័រហ្វេសប៊ុកថា នៅថ្ងៃទី១៩វិច្ឆិកាស្អែកនេះ សម្ដេចនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤វិច្ឆិកា ឡើងវិញតែសម្ដេចនៅតែមិនទាន់ឲ្យកូន និងចៅរបស់សម្ដេចមកផ្ទះរបស់សម្ដេចមួយរយៈទៀត ដើម្បីធានាឲ្យប្រាកដថា គ្មាមេរោគចម្លងទៅកូន និងចៅរបស់សម្ដេចនោះ
ឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតាផ្តល់ឱ្យកូនៗ និងចៅៗ គឺសុវត្ថិភាព
របស់កូនៗ និងចៅៗជាទីស្រឡាញ់។
សម្ដេចបន្តថា ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត សម្ដេចអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖
១. សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន ១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន ២៣នាក់ ខេត្តកំពង់ធំចំនួន៣នាក់។
២. សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។
៣. សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។
៤. សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបងប្អូនឲ្យបន្តធ្វើចត្តាឡីស័កឱយបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។
សម្ដេចតេជោបញ្ជាក់ថា ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត ១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះសម្ដេចបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។ ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការណ៍ល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។
សម្ដេចតេជោបន្តថា បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមក គឺស្ថិតនៅលើល្បឿន នៃការគ្រប់គ្រងសភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ឆ្លៀតយកឱកាសនេះ សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជំងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ បានផ្ញើជូននូវការគោរព និងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។ សម្ដេចបានថ្លែងអំណរគុណផងដែរដល់បងប្អូនដែលជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់ និងដោយប្រយោល ដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាម ល័ក្ខខណ្ឌ័តម្រូវនៃការធ្វើចត្តាឡីស័ក។
សម្ដេចតេជោបានបន្តទៀតថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថាយើងបញ្ចប់ការខិតខំ ដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាដករលាក់មុខដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោកនិយាយជារួមនឹងប្រជាជនកម្ពុជានិយាយដោយឡែកស្អប់កូវីដ១៩ខ្លាំងណាស់ តែកូវីដ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផងដែលការស្រឡាញ់របស់វាមកលើយើងនឹងធ្វើឱ្យយើងស្លាប់ ឬខូចខាតសុខភាពតែប៉ុណ្ណោះ។ ត្រូវចងចាំថា ការដែលកម្ពុជាមានមនុស្សឆ្លងតិចនឹងមិនមានមនុស្សស្លាប់មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរដែលមានឈាមក្រហមពិសេសអាចប្រឆាំងជាមួយកូវីដ១៩បានដូចមនុស្សខ្លះបានអះអាងនោះទេ (សម្ដេចសង្ឃឹមថាអ្នកអះអាងបែបនេះនឹងមានសេចក្តីក្លាហានពិតប្រាកដចូលទៅបំរើអ្នកកើតកូវីដ១៩ ដោយមិនមានសំភារៈការពារខ្លួន តើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផងនឹងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ ប្រសិនជាអាចធ្វើបានមែនអង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថាជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នងលោក) ។ឬបានមកពីការកត្តាអាកាសធាតុដែលធ្វើឱយកូវីដ១៩ មិនអាចឆ្លង ចូលបាននោះដែរ។
សម្ដេចតេជោលើកឡើងដែរថា ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាពនឹងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដែលខ្ញុំសុំយកឱកាសនេះសំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប នឹងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកាសំភារៈដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ។
សម្ដេចតេជោបញ្ជាក់ថា យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱយក្រសួងអប់រំយុវជន និងកីឡាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីត-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។ ព្រឹត្តិការណ៍៣វិច្ឆិកាបានបង្រៀនយើងបានរំលឹកយើង បានដាស់តឿនយើង និងបានណែនាំយើងឱយមានការប្រុងប្រយ័តជានិច្ចទើបអាចយកឈ្នះលើកូវីដ១៩បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការ ព្យាបាល៕