សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលទេវតាឆ្នាំថ្មី នៅភូមិគ្រឹះខេត្តព្រះសីហនុ
ស្របពេលប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ទទួលអំណរសាទរពេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក នៅព្រឹកថ្ងៃ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ បានប្រារព្វពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពីភូមិគ្រឹះលំហែយកាយមាត់សមុទ្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សម្តេចតេជោ បានបួងសួងសូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជួយអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារ ខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមតរៀងទៅ៕