គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឲ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍ចំនួន​២៧នាក់​ ចូលជួប​សម្ដែង​ការ​គួរសម​ និងទទួលអនុសាសន៍មុន​ចេញ​ទៅ​បន្ត​ការសិក្សា​នៅក្រៅប្រទេស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឲ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍ចំនួន​២៧នាក់​ ចូលជួប​សម្ដែង​ការ​គួរសម​ និងទទួលអនុសាសន៍មុន​ចេញ​ទៅ​បន្ត​ការសិក្សា​នៅក្រៅប្រទេស​ ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឲ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍ចំនួន​២៧នាក់​ ចូលជួប​សម្ដែង​ការ​គួរសម​ និងទទួលអនុសាសន៍មុន​ចេញ​ទៅ​បន្ត​ការសិក្សា​នៅក្រៅប្រទេស​

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ចំនួន២៧នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យានានានៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់។

    នៅក្នុងកិច្ចជំនួបនោះសម្តេចប្រមុខរដ្ឋស្តីទី បានកោតសរសើរចំពោះនិស្សិតទាំងអស់ដែលត្រូវបានជ្រើសរើសជានិស្សិតជ័យលេភីអាហាររូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ហើយសម្តេចក៏បានផ្តល់អនុសាសន៍បន្ថែម ដល់បងប្អូននិស្សិតទាំងនោះដូចជា៖

    ទី១-ពេលក្មួយៗចេញទៅសិក្សាឆ្ងាយពីគ្រួសារ ពីប្រទេសជាតិ ដូចនេះការនឹករលឹកមនោសញ្ចេតនាចំពោះគ្រួសារ និងប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បានទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្មួយៗត្រូវតែព្យាយាមធ្វើយ៉ាងណាកុំឱ្យមនោសញ្ចេតនានៃការនឹករលឹកនេះ ក្លាយទៅជាឧបសគ្គដែលរារាំងដល់ការសិក្សា ដូចនេះក្មួយៗត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីជម្នះគ្រប់ឧបសគ្គ ខិតខំរៀនសូត្រឱ្យឈានដល់ការសម្រេចជោគជ័យនៅទីចុងបំផុត។

    ទី២-សូមយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឹងម៉ាត់នូវច្បាប់ ទម្លាប់ ប្រពៃណីរបស់ប្រទេសទាំងពីរ ធ្វើយ៉ាងណាខិតខំបង្ហាញឱ្យបានអំពីអត្តចរិត ថ្លៃថ្នូរ រាបសា ឧស្សាហ៍ព្យាយាម និងអត់ធ្មត់របស់ជនជាតិខ្មែរយើង។

    ទី៣-សូមក្មួយៗត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ គោរពថ្នាក់ដឹកនាំសាលវិទ្យាល័យ ដោយគោរពនូវការបង្ហាត់បង្រៀនរបស់លោកសាស្ត្រាចារ្យ ទៅតាមសុភាសិតខ្មែរយើងដែលបាន   ទូន្មានកូនចៅ នាពេលបច្ចុប្បន្ន និងទៅអនាគតនោះគឺ ងើយស្កក ឱនដាក់គ្រាប់។

    ទី៤-សូមក្មួយៗខិតខំឱ្យអស់ពីកម្លាំកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ដើម្បីឈានទៅសម្រេចឱ្យនិទ្ទេសជានិស្សិតល្អ ជានិស្សិតឆ្លើមនៅពេលបញ្ចប់ការសិក្សា ដើម្បីសាកសមទៅនឹងសេចក្តីសង្ឃឹម ជំនឿជឿជាក់របស់សាកលវិទ្យាល័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ផងដែរ។

    ទី៥-ត្រូវរក្សាភ្ជាប់នូវទំនាក់ទំនងជាមួយនឹងបណ្តាមិត្តជានិស្សិតរួមថ្នាក់ និងសាស្ត្រាចារ្យ មន្ត្រីបុគ្គលិករបស់សាកលវិទ្យា និងជាមួយប្រជាជននៃប្រទេសសាមី ដើម្បីផ្សព្វផ្សាយអំពីសភាពការពិត ប្រពៃណី វប្បធម៌ដ៏ល្អផូផង់ សក្តានុពលដ៏សម្បូបែបរបស់ប្រទេសជាតិយើង ក្នុងគោលបំណងដើម្បីឱ្យគេយល់កាន់តែច្បាស់ ហើយឱ្យគេជួយផ្សព្វផ្សាយដើម្បីអូសទាញភ្ញៀវទេសចរណ៍មកទស្សនា និងអ្នកវិនិយោគមកបណ្តាក់ទុននៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

    ទី៦-សូមក្មួយៗនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវែលសេឡង់ដែលត្រូវទៅសិក្សានៅឆ្នាំ២០២១ និងនិស្សិតដែលបានទៅសិក្សាមុន ត្រូវខិតខំសាមគ្គីគ្នាក្នុងវង្វង់គ្រួសារខ្មែរឱ្យបានស្អិតរមួត ប្រកបដោយសុខដុមរមនាដោយអនុវត្តឱ្យបានល្អ ទៅតាមសុភាសិតខ្មែរថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ។

    ទី៧-ក្នុងបរិបទបច្ចុប្បន្នដែលគំរាមកំហែងដោយជំងឺកូវីដ១៩ សូមយកចិត្តដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមការណែនាំរបស់អាជ្ញាធររបស់ប្រទេសសាមី ដើម្បីធ្វើយ៉ាងណាជៀសឱ្យបានកុំឱ្យឆ្លងជំងឺកូវីដ១៩។

    ជាមួយគ្នានោះដែរសម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា នៅពេលដែលបងប្អូននិស្សិតទាំងនោះបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ត្រូវយកចំណេះដឹង និងរៀនសូត្របន្ថែមអំពីបទពិសោធន៍ ហើយជាពិសេសគឺឈោងចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង