សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាបន្ថែម ១ពាន់លានរៀលដល់ខេត្ត២ នៅជាប់ព្រំដែន សម្រាប់រៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរមកពីថៃ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាបន្ថែមចំនួន ១ពាន់លានរៀលដល់ខេត្តចំនួន២ នៅជាប់ព្រំដែន ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ក្នុងនោះ ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ប្រាប់នៅថ្ងៃនេះ។
លោកជំទាវ យក់ សម្បត្តិ បានពន្យល់បន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែង រៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀត ដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រកខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀល សម្រាប់ខេត្តបាត់ដំបង គឺដើម្បីសម្រួលដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកជំទាវ បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាលខេត្តទាំងពីរភ្លាមៗតែម្តង។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការ ធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។
កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ទើបតែបន្ថែមថវិកាសរុប៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ រួមមាន ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ខេត្តចំនួន៤នេះ ក៏ទទួលបានថវិកា និងសម្ភារមួយចំនួនទៀត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើយ៉ាងណារៀបចំសម្រួលដល់ការធ្វើចត្តាឡីស័កសម្រាប់ពលករដែលមកពីប្រទេសថៃ៕ ប្រភព៖ FreshNews