សម្ដេចតេជោ ហ៊ុន សែន៖ “ អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ”
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងបានអញ្ជើញនិវត្តមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនឹងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩។
តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែនបានលើកឡើងថា សម្ដេចបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សា និងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។
សម្ដេចតេជោបន្តថា អាស៊ាន និងដៃគូដែលចង់ចូលរួមក៏ដូចជាមីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់ និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។
សម្ដេចតេជោបានបញ្ជាក់នៅលើហ្វេសប៊ុកថា «អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនឹងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩។»
សូមឆ្លៀតឱកាសនេះសម្ដេចតេជោ បានបញ្ជាក់ជូនផងដែរថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំ នៃថ្ងៃដែលសម្ដេចបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផងហើយ ដែលអាចចាត់ទុកថាជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។ ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក សម្ដេចនៅតែបន្តធ្វើកិច្ចការបរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៏ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះសម្ដេចត្រូវប្រើពេលវេលាជាងពាក់កណ្តាលជីវិតរបស់សម្ដេចសម្រាប់កិច្ចការមួយនេះ។