ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតកម្ពុជា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នៅក្នុងប្រទេសកម្ពុជា។
ព្រះរាជក្រឹត្យនេះ មានគោលដៅកំណត់ អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតក្នុងគោលបំណង ដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះ ឱ្យចូលទៅរួមរស់ក្នុងសង្គមវិញឬក្នុងគោលបំណងផ្នែកមនុស្សធម៌។
ព្រះរាជក្រឹត្យនេះ ក៏មានវិសាលភាពគ្របដណ្ដប់ទៅលើការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសាលក្រម ឬសសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិត ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយអំណាចតុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនឲ្យមកអនុវត្តទោសនៅកម្ពុជា ដោយផ្អែកតាមការព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេសនោះ។
តាមរយៈព្រះរាជក្រឹត្យនេះ ជារៀងរាល់ឆ្នាំពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតបានមានចំនួន ៥ ពិធីបុណ្យ ក្នុងនោះមានដូចជា៖ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ, ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕