សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication)
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello)ប្រធាន ក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) ។
នៅក្នុងជំនួបនេះ ប្រធានក្រុមហ៊ុនទំនាក់ទំនងរបស់អាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការផ្តល់ឱកាសឱ្យរូបលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ លោក មីសែល ភីទ្រុសហ្សិលឡូ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅលើទឹកដីអាមេរិកនាពេលនេះ ជាដំណើរទស្សនកិច្ចដ៏ល្អបំផុត។
លោក មីសែល ភីទ្រុសហ្សិលឡូ បានជម្រាបសម្តេចតេជោថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយតែមានការចង់ដឹងព័ត៌មាននានាពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ក្រុមការងាររបស់លោកធ្លាប់បានមកកាន់កម្ពុជាដោយផ្ទាល់ ហើយបានឃើញពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា។ ភាពរីកចម្រើននេះ ក៏ត្រូវបានបង្ហាញតាមរយៈបណ្តាញផ្សព្វផ្សាយផងដែរ។ លោកបានលើកឡើងថា កម្ពុជា គួរបន្តផ្សព្វផ្សាយឱ្យបានកាន់តែច្រើនថែមទៀត នូវការរីកចម្រើនរបស់កម្ពុជា។ លោកក៏ចង់ឃើញកម្ពុជា បង្កើនការបណ្តុះបណ្តាលអ្នកនាំពាក្យ និងតំណាងរបស់កម្ពុជានៅគ្រប់វិស័យទាំងអស់ ដើម្បីបង្កើនសមត្ថភាពក្នុងការបង្ហាញ និងឆ្លើយតបបញ្ហាពាក់ព័ន្ធរបស់កម្ពុជាទៅកាន់ពិភពលោក។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់ លោក មីសែល ភីទ្រុសហ្សិលឡូ ថា កម្ពុជានាពេលបច្ចុប្បន្ន មានវឌ្ឍនភាព រីកចម្រើន និងទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការអភិវឌ្ឍន៍។ សម្តេចតេជោ បានបញ្ជាក់ថា ជារឿងសំខាន់ណាស់ចំពោះការងារផ្សព្វផ្សាយនូវអ្វីដែលជាតថភាពជាក់ស្តែងរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនដូចអ្វីដែលលើកឡើងនៅទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជានោះទេ។ សម្តេចតេជោ ក៏បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកទស្សនកិច្ច និងសរសេរការពិតរបស់កម្ពុជា។ ពាក់ព័ន្ធការបណ្តុះបណ្តាលអ្នកនាំពាក្យវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាកំពុងជំរុញការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យឱ្យមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការផ្តល់ព័ត៌មានជាក់ស្តែងស្តីពីការរីកចម្រើនរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនចង់ឱ្យផ្សព្វផ្សាយនូវអ្វីដែលហួសពីការពិតរបស់កម្ពុជានោះដែរ ពោលគឺផ្សាយត្រឹមស្ថានភាពជាក់ស្តែងរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានរងនូវអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាស់ចាកពីសភាពពិតនៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យជារឿងសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីពាំនាំការពិតរបស់កម្ពុជាទៅកាន់ពិភពលោក។
ពាក់ព័ន្ធការផ្សព្វផ្សាយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា មានស្ថាប័នអន្តរជាតិមួយចំនួនតែងតែយកការផ្សព្វផ្សាយព័ត៌មានជាមូលដ្ឋានក្នុងការវាយតម្លៃរបស់ខ្លួន ហើយនាំឱ្យការវាយតម្លៃមិនបានត្រឹមត្រូវ ព្រោះព័ត៌មានដែលគេយកជាមូលដ្ឋាន ជាប្រភពផ្សព្វផ្សាយមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។
តបនឹងអ្វីដែលសម្តេចតេជោ បានលើកឡើងនេះ លោក មីសែល ភីទ្រុសហ្សិលឡូ បានសន្យាជួយជំរុញដល់ការផ្សព្វផ្សាយឱ្យផ្សាយនូវអ្វីដែលជាការពិតពីកម្ពុជា ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា។
លោក បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមការងារលោកនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជាពិតជាមានសន្តិភាព ហើយមានការរីកចម្រើន។ ចំណុចល្អទាំងនេះ ចាំបាច់ត្រូវឱ្យពិភពលោកបានដឹង។
ក្នុងជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោក មីសែល ភីទ្រុសហ្សិលឡូ ពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានបញ្ជាក់នូវគោលជំហររបស់កម្ពុជា ពាក់ព័ន្ធដំណើរការប្រជាធិបតេយ្យ និងការងារបោះឆ្នោតនៅកម្ពុជា, គោលជំហរពាក់ព័ន្ធសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក៏ដូចជាជំហរក្នុងការធ្វើជាប្រធានអាស៊ាន និងការប្រឹងប្រែងដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ផងដែរ៕