សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅស៊ន ដារ៉ាថា កុំថាឡើយចង់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន សូម្បីសមាជិកបក្សក៏មិនបានផង

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារផ្ដាំទៅ ស៊ន ដារ៉ាថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនក៏មិនបានផង ព្រោះក្មួយកំពុងមានរឿងនៅតុលាការ ។ ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។
សម្ដេចតេជោ បានសរសេរថា “ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែល ស៊ន ដារ៉ា និយាយ។ ក្នុងការនិយាយនោះ ស៊ន ដារ៉ា បានបញ្ជាក់ ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះ ខ្ញុំដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូន ស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់ការគាំទ្រកន្លងមក។”
សម្ដេចតេជោបញ្ជាក់ថា អ្វីដែលគួរឲ្យហួសចិត្ត គឺ ស៊ន ដារ៉ា បានលើកជាយោបល់បើកការចរចាជាមួយសម្ដេចដោយភ្ជាប់មកជាមួយលក្ខខណ្ឌ ៤ក្នុងនោះលក្ខខណ្ឌទីមួយ គឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនទើប ស៊ន ដារ៉ា ព្រមចូលរួមជាមួយគណបក្សប្រជាជន។ ស៊ន ដារ៉ា បាននិយាយថា គាត់ជាសត្វឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែបប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពត ឯព្រះបានបង្កើត ស៊ន ដារ៉ា មកដើម្បីបង្រ្កាប ហ៊ុន សែន ។
សម្ដេចតេជោបានបញ្ជាក់ថា “ពូសូមផ្តាំទៅក្មួយស៊ន ដារ៉ា វិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនសូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនក៏មិនបានផងព្រោះក្មួយកំពុងមានរឿងនៅតុលាការ ។ ក្មួយលើកខ្លួនឯងហួសជ្រុលហើយ ។ ឯពាក្យក្មួយថាព្រះបង្កើតក្មួយមក ដើម្បីបង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូអ្នកដែលបង្រ្កាប ហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។” ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។ ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាប ហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ៕