គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ស្នើអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣​ |
    សម្ដេចតេជោ ស្នើអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ សម្ដេចតេជោ ស្នើអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​រៀប​ចំ​ឯកសារ​បន្លំ​យកដី និងផ្ទះរបស់​ក្រសួង​ការ​បរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច សម្ដេច​បាន​ស្នើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​អំពីភា​ព​មិន​ប្រក្រតី​នានា ​នៃការ​លួច​បន្លំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​​កម្ម​សិទ្ធិ​លើ​ដី​ និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិរបស់ក្រសួងការបរទេស និង​​ចាត់​​វិធាន​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ តាមការចាំបាច់ ដោយ​ផ្អែកលើមូលដ្ឋាន នៃ​លទ្ធ​ផល​ដែល​បាន​ស្រាវ​ជ្រាវ​រកឃើញ។

    សម្ដេចបន្តថា ដី និងផ្ទះដែល លោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺ​ជា​កម្មសិទ្ធិ​រប​ស់​ក្រសួង​ការ​បរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាម​គ្រប់​មធ្យោបាយ ដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

    សូមជម្រាបដែរថា កាលពីយប់ម្សិលមិញសម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារ​តាម​រយៈ​ហ្វេស​ប៊ុក​ផ្ទាល់​ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ចំនួន ៣ចំណុច ដូចខាងក្រោម ៖

    ទី១-តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា ពុំមានឡើយនូវមុខតំណែងជា “អនុរដ្ឋមន្រ្តីទី១” គឺ នៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្រ្តី” និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរនូវមុខតំណែងជា “រដ្ឋលេខាធិការ”។

    ទី២-នៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់ហ្រ្វេសញ៉ូ គង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីនាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។ ហេតុដូច្នេះ ពុំមានឡើយនូវការសម្រេចណាមួយពីខ្ញុំដែលជារដ្ឋមន្រ្តីនាពេលនោះ ក្នុងការប្រគល់ផ្ទះនិងដីរបស់ក្រសួងការបរទេសទៅឱ្យ គង់ គាំ ឡើយ។ និយាយម្យ៉ាងទៀត តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល ដោយពុំមានការកែប្រែឡើយ ហើយរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះ និងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។

    ទី៣-ដើម្បីចៀសវាងផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលនឹងចាត់វិធានការក្នុងការទាមទារយកផ្ទះនិងដីរបស់ក្រសួងការបរទេសមកវិញ និងក្នុងឋានៈខ្ញុំជាមេដឹកនាំ ដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ ឆ្នាំ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន, ខ្ញុំសូមដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួ យខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ។

     

     

     

    អត្ថបទទាក់ទង