សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយបងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នៅក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និង សន្តិសុខការងារ”។ ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្តជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំ រាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ ស្ថិរភាព ការងារ និងសន្តិសុខការងារក្នុងបរិបទជំងឺកូវីដ-១៩។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំង ពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបីឆ្នាំនេះ ប្រទេសជាតិយើង និងប្រទេសនានានៅក្នុងសកលលោកកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ក៏កម្ពុជានៅតែអាចបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ ព្រមទាំងនៅតែ បន្តឱ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាព ជាក់ស្តែង។
ដោយសារតែរាជរដ្ឋាភិបាលអាចបន្តរក្សា និងការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ទើបប្រទេសជាតិយើងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ។