គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ ​កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស​មីយ៉ាន់ម៉ា​ឡើយ​​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ ​កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស​មីយ៉ាន់ម៉ា​ឡើយ​​ សម្ដេចតេជោ​ ហ៊ុន​ សែន​៖ ​កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស​មីយ៉ាន់ម៉ា​ឡើយ​​

    ហ្សាកាតា៖ ក្នុងកិច្ចប្រជុំ​ពិសេស​ក្រៅ​ផ្លូវការ មេដឹកនាំអាស៊ាន នៅ​រសៀលថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ បាន​ថ្លែង​ទៅកាន់​មេដឹក​នាំ​អាស៊ាន​ថា​ កម្ពុជា​ប្រាន់​ខ្ជាប់​គោលការណ៍​មិនជ្រៀតជ្រែក​កិច្ច​ការផ្ទៃក្នុង​របស់ប្រទេស​មីយ៉ាន់ម៉ា​ឡើយ​។

    នៅក្នុង​កិច្ចប្រជុំ​ពិសេស​ក្រៅផ្លូវ​ការ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅទី​ក្រុង​ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ​គឺមានការ​យាង ​និង​អញ្ជើញ​ចូល​រួមពី​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន (លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ នាយក​រដ្ឋមន្រ្តីថៃ)ដែលកិច្ចប្រជុំនេះគឺប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោម​គំនិតផ្តួចផ្តើមរបស់ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និង​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃ​ប្រទេស​ប្រុយណេ ​ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រទេស​មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តមឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខ​យោធា​មីយ៉ាន់ម៉ា​។

    ​របៀប​វារៈសំខាន់​ៗ​ចំនួន៣​​ ត្រូវ​បានលើកឡើង​នៅក្នុ​ងកិច្ចប្រជុំនេះ រួមមាន ទី១-ការ​កសាង​សហគមន៍​អាស៊ាន​ ទី២-ទំនាក់ទំនងខាងក្រៅ និងទី៣-ការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។

    ទាក់ទិនទៅនឹងស្ថានការណ៍នយោបាយ និងសន្តិសុខនៅមីយ៉ាន់ម៉ា សម្តេចតេជោបានថ្លែងទៅកាន់ មេ​ដឹក​នាំ​អាស៊ាន​ដែរថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ សម្តេច​តេជោ បានបន្តថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបាន​តាម​ដាន​យ៉ាង​យក​ចិត្តទុក​ដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលកាន់តែមានសភាពស្រួចស្រាល និង​ស្មុគ្រ​ស្មាញ​គួរ​ឲ្យ​ព្រួយបារម្ភ។ ជាមួយគ្នានេះដែរ កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ាន កាលពី​ថ្ងៃទី១ខែកុម្ភៈ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ខែមីនា ដែល​អំពាវ​នាវ​ឲ្យ​គ្រ​ប់ភា​គីរក្សាការអត់ធ្មត់ ចៀសវាងអំពើហឹង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។ កម្ពុជា​គាំទ្រ​ដល់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និង​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ដែលអាចដើរតួនាទីជាបេសកជនពិសេស របស់អាស៊ាន ក្នុង​ការ​បង្កើត​​បរិយាកាស​អនុគ្រោះ ដើម្បីជំរុញឲ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយ​មីយ៉ាន់ម៉ា​​ដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើង​អាច​ពិចារណា​ប្រើ​យន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្រប​សម្រួល​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។ ផ្ទុយ​ទៅ​វិញ​បើ​មាន​ការ​ជួយ​សម្រប​សម្រួល​ នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោល​គឺ​គ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ។

    សម្តេចតេជោ​មានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិក នៃគ្រួសារអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់​ទៅរកភាពប្រក្រីឡើងវិញ ក្នុងតួនាទីនិងតាមទម្រង់ណាមួយ ដែលអាចធ្វើទៅបាន អនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់ អាចទទួលយកបាន៕

    អត្ថបទទាក់ទង