គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២

    នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

    វេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាមឆ្នាំ២០២២នេះរៀបចំឡើងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)​ នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី ៨ ដល់ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានចូលរួមក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២។សម្តេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដល់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រសួងផែនការ និងវិនិយោគវៀតណាម ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានសហការរៀបចំឱ្យមាន វេទិកានេះឡើងនាឱកាសដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

    សម្តេចតេជោបានមានប្រសាសន៍ថា វេទិកានាថ្ងៃនេះ ប្រព្រឹត្តឡើងក្នុងឱកាសដ៏នក្ខត្តឫក្សនៃឆ្នាំគម្រប់ខួបលើកទី៥៥ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។ វៀតណាម និងកម្ពុជា មានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជនយើងទាំងពីរ ដែលនេះបានបង្ហាញយ៉ាងប្រត្យក្សពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ និងការទូត។ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈកំណើននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាពិសេសក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលយើងទាំងពីរបានផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមកទាំងស្មារតី ថវិកា និងសម្ភារៈសុខាភិបាល។

    កន្លងមក ប្រទេសកម្ពុជា និងវៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ក្នុងចំណោមប្រទេសនៅអាស៊ី នៅក្នុងសន្ទស្សន៍ស្ដារឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ របស់កាសែតជប៉ុន នីកកេ (NIKKEI) ដែលបានធ្វើការវាយតម្លៃ និងចាត់ថ្នាក់ប្រទេសជាច្រើនលើសកលលោក អំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង និងការស្ដារសកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញជាដើម។ ការវាយតម្លៃនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រទេសយើងទាំងពីរក្នុងការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ច បានលឿនជាងគេ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ រហូតឈានទៅបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ និងធុរជនបរទេសមុនប្រទេសជាច្រើនដទៃទៀត ដោយបានលុបបំបាត់នូវការអនុវត្តវិធានការរឹតត្បិតមួយចំនួន។

    បើក្រឡេកមើលតួលេខទេសចរបរទេសដែលបានមកទស្សនានៅកម្ពុជា គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុបជាង ២៨ម៉ឺននាក់ កើនឡើងជាង៣ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។ ទន្ទឹមនឹងនេះចំនួនភ្ញៀវទេសចរនៃប្រទេសទាំងពីររំពឹងថា នឹងមានកំណើនបន្ថែមទៀត តាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅ និងផលិតផលទេសចរណ៍។ ជាមួយគ្នានេះ ដើម្បីត្រៀមខ្លួនទទួលយកលំហូរទេសចរបរទេសកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខនេះ។

    ក្នុងវិស័យពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានកំណើនប្រមាណជាង ៣៤% ក្នុងវិស័យវិនិយោគ តាមការរាយការណ៍របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឃើញថាការវិនិយោគឯកជន គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានការកើនឡើងប្រមាណ ១,៣% ប៉ុន្តែយើងពុំឃើញមានវត្តមានគម្រោងវិនិយោគថ្មីរបស់វៀតណាមនៅកម្ពុជាសោះក្នុងឆ្នាំនេះ និងឆ្នាំ២០២១កន្លងទៅ ពុំដូចកាលពីមុនមានវិបត្តិជំងឺកូវីដ-១៩ ដែលវិនិយោគិនវៀតណាម បានមកបណ្តាក់ទុនច្រើននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងវិស័យទូរគមនាគមន៍។ ក្នុងន័យនេះ សម្តេចសូមលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុនធ្វេីប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាលជាដើម។

    សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយរក្សាបាននូវអត្រាឆ្លងក្នុងកម្រិតទាប តាមរយៈការអនុវត្តគោលនយោបាយគ្មានកូវីដ («Zero-COVID Policy»), យុទ្ធនាការចាក់វ៉ាក់សាំង និងវិធានការគាំទ្រនានា រាប់បញ្ចូលទាំងវិធានការបញ្ចេញកញ្ចប់សាច់ប្រាក់ជាបន្តបន្ទាប់ជួយដល់ក្រុមគ្រួសារក្រីក្រងាយរងគ្រោះ ព្រមទាំងវិធានការហិរញ្ញវត្ថុគាំទ្រដល់ជនបាត់បង់ការងារ និងសហគ្រាសដែលរងផលប៉ះពាល់។ កម្ពុជា ក៏មិនខុសពីវៀតណាម និងប្រទេសដទៃទៀតក្នុងពិភពលោក បានជួបប្រឈមនឹងការរាតត្បាត និងផលប៉ះពាល់ជាអវិជ្ជមានពី ជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងទៀតដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ បញ្ហាសម្ពាធអតិផរណាកើត ចេញពីវិបត្តិថាមពល ដែលជាផលវិបាកនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅវិញទៅមករបស់ប្រទេសមហាអំណាចពាក់ព័ន្ធនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ២០២២នេះ ស្ថានការណ៍ហាក់មានភាពធូរស្រាលជាងមុនសម្រាប់កម្ពុជា ដោយយោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ និង ៦,៦% ក្នុងឆ្នាំ២០២៣។

    រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តដាក់ចេញ និងអនុវត្តនូវក្របខណ្ឌគោលនយោបាយយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវនានា សំដៅបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការស្រូបទាញ ការវិនិយោគក្នុងស្រុក និងបរទេស។ កម្ពុជា ក៏បានស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់បើកច្រកទីផ្សារនាំចេញបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសផ្សេងៗផងដែរ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានកំណត់វិស័យ និងសកម្មភាពវិនិយោគអាទិភាពមួយចំនួន ដែលត្រូវទទួលបានការលើកទឹកចិត្ត ហើយសុទ្ធសឹងជាវិស័យ និងសកម្មភាព ដែលមានលទ្ធភាពបង្កើតការងារ បង្កើនការផ្ទេរជំនាញនិងបច្ចេកវិទ្យា បង្កើនការតភ្ជាប់ជាមួយ សហគ្រាសក្នុងស្រុក និងរួមចំណែកពង្រឹងការតភ្ជាប់ឧស្សាហកម្ម កម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលជាមួយគ្នានេះ កម្ពុជាក៏កំពុងកែសម្រួលគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដើម្បីតាមឱ្យទាន់នូវបម្រែបម្រួលនិម្មាបនកម្មសេដ្ឋកិច្ចសកល។

    សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះមិត្តវៀតណាម ដែលបានទទួលជោគជ័យក្នុងការទាក់ទាញវិនិយោគបរទេសនាពេលកន្លងមក ដើម្បីជំរុញការអភិវឌ្ឍវិស័យអេឡិចត្រូនិករបស់ខ្លួនជាលំដាប់ ដោយបានទាក់ទាញវិនិយោគពីក្រុមហ៊ុនបរទេសធំៗ ដូចជា ក្រុមហ៊ុនសាំសុង (SAMSUNG) និងក្រុមហ៊ុនហ្វក់ខន់ (FOXCONN) ដែលផលិតផលិតផលនានាផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអេបផល (APPLE)រួមទាំងផលិតផលនាឡិកាដៃឆ្លាតវៃដែលប្រើបច្ចេកវិទ្យា និងជំនាញខ្ពស់។ កម្ពុជាមានបំណងផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេសជាមួយប្រទេសវៀតណាម ដែលជាជម្រើសទី១ របស់វិនិយោគិនបរទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម។ ក្នុងន័យនេះ សម្តេចសង្ឃឹមថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគគាំទ្រ ដល់ការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទាំងពីរ ពិសេសវិស័យអេឡិចត្រូនិក សម្រាប់ប្រទេសវៀតណាម។

    រដ្ឋាភិបាលយើងទាំងពីរ បាននិងកំពុងខិតខំប្រឹងប្រែងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនរំបូរពាណិជ្ជកម្ម និងវិនិយោគ រហូតឈានដល់ការចុះហត្ថលេខាបន្ថែមទៀត លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម និងអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនចំនួនកូតាប្រភេទ និងបរិមាណនៃយានយន្តពាណិជ្ជកម្ម ដែលសម្តេច និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាអធិបតីកាលពីព្រឹកមិញនេះ។ លើសពីនេះគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដែលនឹងចាប់ផ្តើមការសាងសង់នាពេលឆាប់ៗខាងមុខ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញ ជាមួយប្រទេសវៀតណាម, កាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ ព្រមទាំងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ១ ដែលជាផ្លូវចម្បងតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត។

    សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជា និងវៀតណាម គួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង សម្រាប់ជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ជាក់ស្តែង ដូចជាការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន ទៅកាន់ គោលដៅទេសចរណ៍នៅក្នុងខេត្តជាប់ព្រំដែន ជាពិសេសខេត្តនៅតាមតំបន់ឆ្នេរ ដើម្បីសម្រួល និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរទៅមកឆ្លងកាត់ប្រទេសទាំងពីរ។ លើសពីនេះ កម្ពុជា និងវៀតណាម ជាភាគីសមាជិក និងភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលជាយន្តការពាណិជ្ជកម្មសេរី ពហុភាគីដ៏សំខាន់សម្រាប់លើកកម្ពស់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់, រក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។

    តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនបរទេសទាំងអស់ ជាពិសេសវិនិយោគិនវៀតណាម ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ សម្តេចបានអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាម ដែលធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងវិនិយោគិនមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

    អត្ថបទទាក់ទង