គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូននិស្សិត​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ ៦២៣នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូននិស្សិត​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ ៦២៣នាក់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូននិស្សិត​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ ៦២៣នាក់

    នៅព្រឹក ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។

    និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ កោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំគ្រប់រូប សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានប្រឹងប្រែងបណ្តុះបណ្តាលសិស្សនិស្សិតប្រកបដោយភាពជោគជ័យ និងជម្នះបាននូវវិបត្តិនៃជំងឺកូវីដ-១៩ ដែលអាចឱ្យសាលានៅតែដំណើរការបានជាធម្មតា។

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិបត្តិនៃជំងឺកូវីដ-១៩ ក៏បានបង្កើតនូវកាលានុវត្តន៍ភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសក្នុងវិស័យអប់រំ ពោលគឺនៅពេលដែលកម្ពុជាជួបនូវវិបត្តិកូវីដ-១៩នោះ សាលាបានធ្វើការបណ្ដុះបណ្ដាលសិស្សនិស្សិតតាមរយៈការសិក្សាតាមប្រព័ន្ធអនឡាញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសក្នុងអត្រាខ្ពស់នេះ គឺបានធ្វើឱ្យមានភាពសាំ និងទប់ស្កាត់បានការឆ្លងរាតត្បាតនៃជំងឺនេះបន្ថែមទៀត។

    សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រឹះស្ថានសិក្សាយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ មិនអាចមានតែសញ្ញាបត្រគ្មានចំណេះ និងជំនាញនោះទេ គ្រឹះស្ថានសិក្សាមិនមានគុណភាព នឹងដួលរលំ។

    នៅថ្ងៃនេះ ពាក់ព័ន្ធនឹងបញ្ហាអ៊ីនធឺណិតនៅកម្ពុជា សម្តេចតេជោបានមានប្រសាសន៍ថា ការផ្តាច់មុខអ៉ីនធើណេតនៅតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា។ សម្តេចតេជោក៏បានណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទនានាប្រញាប់តបណ្តាញសេវានៅតាមបុរី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបុរី បានទទួលសេវាទូរសព្ទគ្រប់គ្រាន់។

    ទាក់ទងទៅនឹងបញ្ហាកម្មករដែលមានការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារនូវភាពត្រឹមត្រូវនោះទេ។ សម្តេចតេជោ ក៏បានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារជាមួយកម្មករតាមបណ្តារោងចក្រនានា។ សម្តេចតេជោបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារនោះអោយបានឆាប់។

    ថ្មីម្ដងទៀត នៅថ្ងៃនេះ សម្តេចតេជោ បានថ្លែងថា ការដាំដេីមឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។ សម្តេចតេជោ បានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

    សម្តេចតេជោបានណែនាំរដ្ឋមន្ត្រីកសិកម្មឱ្យរកប្រភពទឹកដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំងផងដែរ។

    ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សម្តេចតេជោពិតជារីករាយណាស់ សម្រាប់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែសីហា ដែលទទួលបាននូវភាពជោគជ័យ។​ សម្តេចតេជោ បានថ្លែងអំណរគុណដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សម្រាប់កិច្ចប្រឹងប្រែងក្នុងការរៀបចំសម្របសម្រួលកិច្ចប្រជុំនេះ។​ សម្តេចតេជោបានកោតសរសើរដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមមន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងសម្របសម្រួល និងឈានទៅចេញសេចក្តីថ្លែងការណ៍នានា ខណៈពិភពលោកចាក់ស្រេះទៅដោយបញ្ហានោះ។

    មុននឹងបញ្ចប់ សម្ដេចតេជោក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាបន្តទៀត ជាពិសេសអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានត្រូវបន្តទៅចាក់ ហើយអ្នកដែលត្រូវចាក់ដូសជំរុញត្រូវបន្តចាក់ដូសជំរុញ និងជូនពរអោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

    អត្ថបទទាក់ទង