សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ១៩ ក្នុងសហគមន៍បែបចង្កោម

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាគឺស្ថិតក្នុងចំណោមប្រទេសចំនួន ៣៣ ដែលឆ្លងកូវីដ១៩ ក្នុងសហគមន៍បែបចង្កោម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ខណៈសម្តេចបានអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅព្រឹកទី១៥ ខែធ្នូ ឆ្នាំ២០២០ ពីផ្ទះសម្ដេចផ្ទាល់នៅក្នុងក្រុងតាខ្មៅ តាមរយៈទូរទស្សន៍ជាតិ ទទក។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះ យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក។ បើតាមអង្គការសុខភាពពិភពលោក ធ្វើចំណាត់ថ្នាក់នៅលើពិភពលោក ការចម្លងក្នុងសហគមន៍បែបចង្កោម និងតាមទីកន្លែងមួយៗ តែមិនមានបណ្ដុំច្រើនមាន ៣៣ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣៦២នាក់ (ស្ត្រី ៨៦នាក់ និងបុរស ២៧៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយមានចំនួន ៣១២នាក់ អ្នកសម្រាកព្យាបាលនៅមន្ទីរចំនួន ៥០នាក់ និងមិនមានករណីស្លាប់ទេ៕