កម្ពុជា ទទួលបានវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន ៧០ម៉ឺនដូសទៀតពីមិត្តចិន ជាជំនួយលើកទី២
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា ដើម្បីទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលវ៉ាក់សាំង និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ ព្រមទាំងមានការចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាផងដែរ។
វ៉ាក់សាំង ៧០ម៉ឺនដូស ដែលទទួលនេះ មានពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។
វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។
កម្ពុជា សូមអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕