សម្ដេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភថវិកាបន្ថែមជូនដល់ខេត្តចំនួន៣ នៅជាប់ព្រំដែនថៃ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២៣០០លានរៀលបន្ថែមទៀត ជូនដល់ខេត្តចំនួន៣ នៅជាប់ព្រំដែនថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័ក ជូនពលករដែលត្រឡប់មកពីប្រទេសថៃ។ នេះបើយោងតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រសាសន៍ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩កុម្ភៈនេះ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការបានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា ថវិកាដែលត្រូវឧបត្ថម្ភទៅខេត្តទាំង៣នោះរួមមាន៖ ១.ខេត្តបាត់ដំបង ទទួលបានថវិកាចំនួន ៧០០លានរៀល ,២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៩០០លានរៀល, ៣.ខេត្តឧត្ដរមានជ័យទទួលបានថវិកាចំនួន ៧០០ លានរៀល។
ថវិកាទាំងអស់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែម ផ្តល់ជូនដើម្បីប្រើប្រាស់រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ហើយពេលនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែងរៀបចំផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំង៣នោះផងដែរ៕