គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា

    នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

    នៅក្នុងជំនួបនោះ ឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យ ឯកឧត្តមបានជួបសំដែងការគួរសម និងពិភាក្សានាពេលនេះ។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា រយៈពេលជាងមួយខែកន្លងមកនេះ ឯកឧត្តមសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសប៉ាគីស្ថាន ចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់ ក្នុងន័យនេះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា បេសកកម្មការទូតរបស់ឯកឧត្តមមកកាន់កម្ពុជានេះ នឹងបន្តសកម្មភាពដែលមានស្រាប់ផង នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរ ចំពោះការលើកឡើងរបស់ឯកឧត្តម និងបានលើកទឹកចិត្តឲ្យ ឯកឧត្តមពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបាន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងដែលអាចចាត់ទុកថា ជាវ័យចំណាស់មួយ រហូតដល់៧០ឆ្នាំហើយក្នុងឆ្នាំនេះ។

    សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបទៅ ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ផងដែរថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយនឹងវិបត្តិកូវីដ១៩។

    ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានបន្តផ្ដល់អាហារូបករណ៍ជាបន្តទៀត ដល់ប្រទេសកម្ពុជា៕

    អត្ថបទទាក់ទង