កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM» រយៈពេល ២ថ្ងៃ ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ
កិច្ចប្រជុំកំពូលកម្រិតពិភពលោក នេះ នឹងត្រូវរៀបចំឡើងដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន។ កម្ពុជាសង្ឃឹមថា កិច្ចប្រជុំ ASEM13 នេះនឹងរួមចំណែកដ៏គួរឱ្យកត់សម្គាល់មួយដល់ការពង្រឹងពហុភាគីនិយម រក្សានូវរបៀបរបបអន្តរជាតិផ្អែកទៅលើច្បាប់ ហើយឆ្លងកាត់តាមសកម្មភាពរួមរបស់យើង»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការរវាងអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្នមានប្រទេសដៃគូចំនួន៥១ ដែលក្នុងនោះមាន៣០ ជាប្រទេសអឺរ៉ុប និង២១ ជាប្រទេសអាស៊ី រួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន ដែលបង្កើតបានជាដៃគូសរុបចំនួន៥៣។
ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងសកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ASEM មិនធ្លាប់ជួបប្រទះក្នុងការដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងកម្រិតពិភពលោកដូចបច្ចុប្បន្ននេះទេ៕