សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យឯកឧត្តម ស ថេត ស្រាវជ្រាវជាបន្ទាន់ពាក់ព័ន្ធនឹងការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅខេត្តកំពង់ធំ មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ
ភ្នំពញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាឲ្យឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ ស្រាវជ្រាវជាមួយស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។ សម្ដេចធិបតីបញ្ជាក់ថា បើក្នុងករណីនេះជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១០ ខែកញ្ញា នេះថា “ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។”
សម្ដេចធិបតី ស្នើឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ៕