គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​​ទៅ​ចូល​រួម​​កិច្ច​ប្រជុំ​​មហា​សន្និបាត​​អង្គ​ការ​សហ​ប្រជាជាតិ​​លើក​ទី​៧៧​ នៅ​សហរដ្ឋអាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​​ទៅ​ចូល​រួម​​កិច្ច​ប្រជុំ​​មហា​សន្និបាត​​អង្គ​ការ​សហ​ប្រជាជាតិ​​លើក​ទី​៧៧​ នៅ​សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​​ទៅ​ចូល​រួម​​កិច្ច​ប្រជុំ​​មហា​សន្និបាត​​អង្គ​ការ​សហ​ប្រជាជាតិ​​លើក​ទី​៧៧​ នៅ​សហរដ្ឋអាមេរិក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកាន់បិណ្ឌទី១១ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិបាលទៅចូល​រួម​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជាជាតិ​លើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា  និង​ចូល​រួម​ពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​២៨ ខែកញ្ញាឆ្នាំ២០២២។

    សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោម​ប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន÷ ដំណោះ​ស្រាយ​បរិបទ​កម្ម​ចំពោះ​បញ្ហា​ប្រឈម​ប្រទាក់​ក្រឡាគ្នា​”ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​២៣​ខែ​កញ្ញា​​ឆ្នាំ​២​០២២​នៅ​ទីក្រុង​ញូវយ៉ក។

    សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុង​កិច្ច​ពិភាក្សា​ទូទៅ​របស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ នឹងផ្តោត​លើ​តួនាទី​ស្ថាបនា​របស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួម​សហការ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួល​អាកាស​ធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រម​ទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គម​យូរ​អង្វែង។

    ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយ ឯកឧត្តម អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋ​មន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាមានិតបង់ក្លាដែស ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតី​នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនិងថ្នាក់ដឹក​នាំ​ផ្សេង​ទៀត​ផង​ដែរ​៕​

     

    អត្ថបទទាក់ទង