រាជរដ្ឋាភិបាលកម្ពុជា គ្រោងថវិកាសរុបជាង ៨ពាន់៦រយលានដុល្លារ សម្រាប់បន្ទុកចំណាយនៅឆ្នាំ២០២២
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងថវិការដ្ឋសរុបជាង៣៤ទ្រីលានរៀល ឬត្រូវជាប្រមាណជាង ៨.៦០០លានដុល្លារអាមេរិក សម្រាប់បន្ទុកចំណាយនៅឆ្នាំ២០២២ខាងមុខ ដែលផ្តោតទៅលើបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងឆ្លើយ តបទៅនឹងបញ្ហាប្រឈមនឹងសង្គម សេដ្ឋកិច្ច និងការពារអាយុជីវិតប្រជាជនពីការរាត ត្បាតនៃជំងឺកូវីដ១៩។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវគណៈរដ្ឋមន្ត្រីអនុម័តក្នុងសម័យប្រជុំពេញអង្គ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញថា គម្រោងចំណាយថវិកាសម្រាប់ឆ្នាំក្រោយនេះ មានកំណើន៨,៤ភាគរយ បើធៀបនឹងឆ្នាំ២០២១នេះ។
ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលនឹងដាក់ស្នើការឯកភាពពីសភាជាតិបានបញ្ជាក់ថា វិស័យរដ្ឋបាលទូទៅ ត្រូវបានគ្រោងចំណាយ១,៦៨ ភាគរយ, វិស័យការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់សាធារ ណៈ គ្រោងចំណាយ៣,៨៦ ភាគរយ, វិស័យសង្គមកិច្ច គ្រោង៦,៨១ភាគរយ, និងវិស័យសេដ្ឋកិច្ច ត្រូវគ្រោង ៥,២៦ភាគរយ។
សេចក្តីព្រាងច្បាប់ដដែលនេះបានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងបន្តធានាបាននូវការបើកផ្តល់បៀវត្សរបស់មន្ត្រីរាជ ការឱ្យទាន់ពេលវេលា គឺ២ដង ក្នុង១ខែ ដោយមិនមានការកាត់ប្រាក់បៀវត្សរបស់មន្ត្រីរាជការគ្រប់ប្រភេទ ដោយក្នុងនោះ កម្រិតប្រាក់បៀវត្សអប្បបរមាឆ្នាំ២០២២ សម្រាប់មន្ត្រីរាជការស៊ីវិល ត្រូវបានរក្សាជាង១លាន១៧ម៉ឺនរៀល ខណៈបៀវត្សគ្រូបង្រៀននិងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ ១លាន២៧ម៉ឺនរៀល ហើយបៀវត្សនគរបាល ត្រូវបានរក្សាទាបបំផុតចាប់ពី១លាន១២ ម៉ឺនរៀលឡើងទៅ។
រាជរដ្ឋាភិបាល អះអាងថា ថវិកាឆ្នាំ២០២២ ត្រូវបានគិតគូរ និងរៀបចំឡើងក្នុងបរិការណ៍ដែលកម្ពុជា ក៏ដូចជាពិភព លោកទាំងមូលកំពុងស្ថិតនៅកណ្តាលនៃវិបត្តិជំងឺកូវីដ១៩ នៅឡើយ សំដៅទ្រទ្រង់ដល់កិច្ចខិតខំប្រយុទ្ធនឹងជំងឺកូវីដ ១៩ ព្រមទាំងស្តារ និងជំរុញសេដ្ឋកិច្ចឱ្យបន្តស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញ និងស្តារជីវភាពរបស់ប្រជាជន។ ជាមួយគ្នានេះក៏មានគោលដៅបន្តរក្សាការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានកន្លងមកប្រកប ដោយភាពជាម្ចាស់ព្រមជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីជម្នះ និងទប់ទល់ផលប៉ះពាល់អវិជ្ជមាននានាបណ្តាលមកពីការរីករាលដាល នៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕ ប្រភព៖ វិទ្យុជាតិកម្ពុជា