គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យពលរដ្ឋចូលរួម​ថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដែលផ្ដល់ឱកាសដល់ការអភិវឌ្ឍប្រទេសជាតិ​​បាន​រីកចម្រើន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យពលរដ្ឋចូលរួម​ថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដែលផ្ដល់ឱកាសដល់ការអភិវឌ្ឍប្រទេសជាតិ​​បាន​រីកចម្រើន​ សម្តេចតេជោ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យពលរដ្ឋចូលរួម​ថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដែលផ្ដល់ឱកាសដល់ការអភិវឌ្ឍប្រទេសជាតិ​​បាន​រីកចម្រើន​

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានផ្ញើសារអំពាវនាវ​ទៅកាន់ជនរួមជាតិក្នុងទិវាជាតិ​ នៃការចងចាំ ២០ ឧសភា នាថ្ងៃនេះ ឲ្យចូលរួម​ថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដែលផ្ដល់ឱកាសដល់ការអភិវឌ្ឍប្រទេសជាតិ​​បាន​រីកចម្រើន​។

    សម្ដេចតេជោ​ បានបញ្ជាក់ដែរថា​ ​ប្រជាជនកម្ពុជាភាគច្រើនលើសលប់បានដឹង និងយល់ច្បាស់ អំពីរឿងរ៉ាវ សោកនាដកម្មនៅក្នុងរបបប៉ុលពត។

    សម្តេចតេជោ ហ៊ុន​ សែន​ បានសរសេរតាមរយៈ​ហ្វេសប៊ុកផ្លូវការថា «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

    ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

    ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។»

    គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានរៀបចំជាផ្លូវការតាំងពីឆ្នាំ១៩៨៣ ដែលកាលនោះហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករណ៍ដែលរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បង្កើតឡើង ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

    ដូច្នេះ ការរៀបចំទិវាចងកំហឹងនេះត្រូវបានធ្វើជារៀងរាល់ឆ្នាំតាំងពីទសវត្សឆ្នាំ៨០ តែក្រោយមកនៅថ្ងៃទី១៤កុម្ភ:ឆ្នាំ២០១៨ទើបរាជរដ្ឋាភិបាលបានប្តូរឈ្មោះទិវានេះជា«ទិវាជាតិនៃការចងចាំ» សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់អំពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕

    អត្ថបទទាក់ទង