សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការប្រែប្រួលអាកាសធាតុជាបញ្ហាគួរឲ្យបារម្ភដែលជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរ លើសង្គមសេដ្ឋកិច្ច សន្និសុខតំបន់ និងពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការប្រែប្រួលអាកាសធាតុជាបញ្ហាដែលគួរឲ្យបារម្ភមួយទៀត ក្រៅពីកូវីដ១៩ ដែលអាចជាផលពិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរ លើសង្គមសេដ្ឋកិច្ច សន្និសុខតំបន់ និងពិភពលោក។
សម្តេចតេជោបានថ្លែងបែបនេះ ក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំ នៃវេទិកាភាពងាយរងគ្រោះបណ្តាលមកពីអាកាសធាតុ (CVF) ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាដ៏គួរឱ្យបារម្ភមួយទៀត ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរពិបាកនឹងប៉ាន់ប្រមាណបានទៅលើសង្គម សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោក មានសភាពធ្ងន់ធ្ងរ និងប្រពលភាព កាន់តែញឹកញាប់លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក។
សម្តេចបានថ្លែងទៀតថា ក្នុងបរិបទបច្ចុប្បន្ននេះ ការជំរុញទៅមុខ និងការប្រកាន់ខ្ជាប់ទៅនឹងក្របខ័ណ្ឌតំបន់និយម និងពហុភាគីនិយម គឺជាគោលការណ៍ដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងក្នុងគ្រប់វិស័យ ជាពិសេសបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ។
សម្តេចបានថ្លែងបន្ថែមទៀតថា ទោះបីជាធនធាន និងសមត្ថភាពកម្ពុជានៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែក ដល់កិច្ចប្រឹងប្រែងសកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍គន្លឹះរបស់អនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ជាពិសេសគោលការណ៍ស្ដីពីការទទួលខុសត្រូវរួមគ្នា ប៉ុន្តែមានកាតព្វកិច្ចផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន៕