សម្ដេចតេជោ ហ៊ុន សែន ៖ “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង”
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្ដេចគឺជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត ៣ដង។ សម្ដេចបានថ្លែងអំណរគុណជនរួមជាតិដែលបានគាំទ្រសម្ដេចក្នុងការដឹកនាំប្រទេសកម្ពុជា។
តាមរយៈហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រជុំលើកទី៣៨ និងលើកទី៣៩ ត្រូវបានបិទបញ្ចប់ជាមួយនឹងការទទួលជាប្រធានប្ដូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២។
ជាមួយគ្នានេះដែរសម្ដេចតេជោ បានមានប្រសាសន៍ដោយបញ្ជាក់ថា សម្ដេចគឺជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូតដល់ទៅ៣ដង។ ក្នុងឱកាសនេះដែរ សម្ដេចក៏បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបសម្ដេចក្នុងការដឹកនាំកម្ពុជាដែលធ្វើឱ្យសម្ដេចមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិតាមរយៈអាស៊ាន។
សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ និងកិច្ចប្រជុំកំពូលនានាជាច្រើនទៀតរួមមាន៖ កិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី១, កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦, កិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៨ និងកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី លើកទី៤។ កិច្ចប្រជុំទាំងអស់បានធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់តាំងពីថ្ងៃទី២៦តុលា ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៕