សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ឈប់ការឈូសឆាយដីព្រៃសួនសត្វភ្នំតាម៉ៅ និងត្រូវដាំដើមឈើឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឲ្យអភិវឌ្ឍនៅភ្នំតាម៉ៅ និងបញ្ឈប់ការឈូសឆាយដីព្រៃសួនសត្វភ្នំតាម៉ៅជាបន្ទាន់ ហើយត្រូវដាំដើមឈើឡើងវិញ លើដីដែលបានឈូសឆាយរួចហើយនោះ។
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរាជរដ្ឋាភិបាលសម្ដេចតេជោបានចេញបញ្ជា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរ និងអភិវឌ្ឍ។
២.រក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕