គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ​ឯកឧត្តម​ប្រធានាធិបតី​ទីម័រខាងកើត និង​ធ្វើ​សហអធិបតី​​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន០២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ​ឯកឧត្តម​ប្រធានាធិបតី​ទីម័រខាងកើត និង​ធ្វើ​សហអធិបតី​​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន០២ សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ​ឯកឧត្តម​ប្រធានាធិបតី​ទីម័រខាងកើត និង​ធ្វើ​សហអធិបតី​​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន០២

    នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ទទួលជួប​ពិភាក្សា​ការងារ​ជា​មួយ​ឯក​ឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត ក្នុងឱកាស​ដែលឯកឧត្តម​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជា​ណាចក្រកម្ពុជា។

    ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រទីម័រលើវិស័យអភិវឌ្ឍន៍ វិស័យកសាងជាតិ ស្ថេរភាពសង្គម និងគាំទ្រ ជាសមាជិកភាពក្នុងសហគមន៍អាស៊ាន។ ហើយថ្មីៗនេះទៀតសោត កម្ពុជា បានជួយទីម័រក្នុងការឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយ​នឹង​បរិក្ខារ​ពេទ្យ​ដទៃ​ទៀត​ផង​ដែរ។

    ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចតេជោ ថា ឯកឧត្តម មកទស្សនកិច្ចនៅប្រទេសកម្ពុជា បាន​ឃើញ​​ការរីកចម្រើនរបស់ប្រទេសកម្ពុជាជាលំដាប់។ ជាមួយគ្នានោះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ មានការរីកចម្រើនផងដែរ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្ដេចតេជោ នូវ​បំណង​ចង់​ពង្រីកពង្រឹងចំណងមិត្តភាព ពង្រឹងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង តាមរយៈឲ្យមានការហោះហើរត្រង់ប្រទេសទាំងពីរ និងលើកក​ម្ពស់​លើវិ​ស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរផងដែរ។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះឯកឧត្តម ដែលបានជា​ប់​ឆ្នោត​កាន់​តំណែងជាប្រធានាធិបតីជាលើកទី២។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ​នេះ​ជា​ខួបទី ២០ នៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានសម្តែង នូវការស្វាគមន៍​ចំពោះ​ការ​ហោះ​ហើរ​ត្រង់​រវាងកម្ពុជា និងទីម័រខាងកើត។

    សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យទីម័រខាងកើតបង្កើតការវិនិយោគនៅកម្ពុជា ដូចជា​ផ្នែក​ម៉ាស៊ីន​កិន​ស្រូវ ម៉ាស៊ីនសំងួត ហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្ដង។ សម្ដេច​ក៏​បាន​គូស​បញ្ជាក់​ថា កម្ពុជាបានអនុញ្ញាតឲ្យបរទេសវិនិយោគ ១០០ ភាគរយ។ សម្ដេច​ក៏​បាន​លើក​ទឹក​ចិត្ត​ជំរុញ​ការ​អនុវត្តកិច្ចព្រមព្រៀងទាំងឡាយណាដែលប្រមុខរដ្ឋាភិបាលបានចុះហត្ថលេខាហើយ ហើយ​ក៏សូមឲ្យពិនិត្យជំរុញកិច្ចសហប្រតិបត្តការលើវិស័យអប់រំ និងវិស័យសន្តិសុខផងដែរ។

    បន្ទាប់មក​នៅ​រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ដដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បាន​អញ្ជើញ​ធ្វើ​ជា​សហ​ធិបតី​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា នៃកិច្ចព្រមព្រៀងលើឯកសារសំខាន់ចំនួន០២ ដែលក្នុងនោះរួមមាន:

    ១-កិច្ចព្រមព្រៀងស្ដីពីសេវាដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

    ២-អនុស្សារណៈយោគយល់គ្នាស្ដីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

     

    អត្ថបទទាក់ទង