គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ លើកជាគំនិតផ្ដួចផ្ដើមចំនួន២ ស្នើទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ លើកជាគំនិតផ្ដួចផ្ដើមចំនួន២ ស្នើទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ សម្ដេចតេជោ ហ៊ុន​ សែន​ លើកជាគំនិតផ្ដួចផ្ដើមចំនួន២ ស្នើទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បាន​លើក​ជា​យោបល់ពាក់ព័ន្ធគំនិតផ្ដួចផ្ដើមចំនួន២ និងបានឲ្យ​រដ្ឋមន្ត្រីការបរទេសអាស៊ានពីចារណា និង​ផ្ដល់ការគាំទ្រ ដើម្បីដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាន នៃជីវិត ក្នុងតំបន់ និង​ពិភព​លោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងពាក់ព័ន្ធនឹងវិធានការ ដើម្បី​ស្ដារ និង​ងើបចេញ​ពី​ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាព។ គំនិតផ្ដួចផ្ដើម របស់​សម្តេច​តេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខា រាជ​ធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ។

     

    គំនិតផ្តួចផ្ដើមទីមួយ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិតក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។ រហូត​មកដល់ពេលនេះ អាស៊ាន បាននិង​កំពុង​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយជា​គោល​នយោបាយ​ជា​ច្រើន ប៉ុន្តែការឆ្លើយតបរបស់យើង ហាក់នៅផ្ដោតតែលើវិស័យជាក់លាក់ និងខ្វះ​ការ​សម្រប​សម្រួល​រវាងគ្នា។ អាស៊ានចាំបាច់ត្រូវជំរុញកិច្ចការនេះ បន្ថែមទៀត​តាម​រយៈ​ការ​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវ​កលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្ដល់ជាវេទិកា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ស​មាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ។ បើតាមសម្តេចតេជោ ជាការប្រសើរ ប្រសិន​បើ​អាស៊ាន​អាចពិចារណាលើគំនិតផ្ដួចផ្ដើមបង្កើតក្របខណ្ឌធំទូលាយមួយ ដែល​សម្តេច​តេជោ​ហៅ​ថា​ជា កិច្ចព្រមព្រៀងបៃតងអាស៊ាន សំដៅអនុញ្ញាតឱ្យតំបន់យើងអាចប្រែខ្លួនបន្ដិចម្ដងៗ ឆ្ពោះ​ទៅ​អនាគត​បៃតងមួយដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធិភាព ភាពធន់ និង​ភាព​ប្រកួត​ប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។ កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹង​អាច​គ្រប​ដណ្ដប់​ទៅ​លើ​​វិស័យ​ជា​ច្រើន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការប្រើប្រាស់ កសិកម្ម ការ​ដឹក​ជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និង​ការ​កែ​ច្នៃ​ ដើម្បី​ប្រើប្រាស់​ឡើង​វិញ បំពេញតួនាទីជាកត្តាជំរុញ។

    គំនិតផ្ដួចផ្ដើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្ដារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាព។ សម្តេចតេជោបញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេសទាំងនោះថា អាស៊ានបានឯកភាពអនុវត្តគំនិតផ្ដួចផ្ដើម និងកម្មវិធីនានា ក្រោមយុទ្ធសាស្ត្រធំទី៣ ដែលសំដៅកង្កើនជាអតិបរមានូវសក្ដានុពលនៃទីផ្សារអន្តរអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន។ សម្តេចតេជោ ក្នុងនាមប្រធានអាស៊ាន ជឿថាយើងត្រូវការជាចំាបាច់នូវលេខាធិការរដ្ឋាដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធិភាព នូវកិច្ចព្រមព្រៀងអាសិប(RCEP) ដែលបានចូលជាធរមានកាលពីខែមករា កន្លងទៅ។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់លេខាធិការដ្ឋានអាសិបនេះ ហនៅរាជធានីភ្នំពេញ និងបាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង។ សម្តេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើរនេះជាផ្លូវការ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង