[វីដេអូ] សម្ដេចតេជោ ហ៊ុន សែន៖ ការបូមប្រេងមិនទាន់ជះឥទ្ធិពលដល់សេដ្ឋកិច្ចទេ តែជាការចាប់ផ្ដើមដ៏ល្អ នៃដំណើរឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បើទោះបីជាការបូមប្រេងរបស់កម្ពុជាស្ថិតក្នុងកម្រិតតិចតួចនៅឡើយ វាមិនទាន់ជះឥទ្ធិពលដល់សេដ្ឋកិច្ចនោះទេ តែវាជាការចាប់ផ្ដើមមួយដ៏ល្អ នៃដំណើរឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អណ្តូងទី១ ដំណើរការបានរយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល ដោយក្នុងមួយថ្ងៃ បូមបានប្រមាណ ១,២៣៦បារ៉ែល។ ចំណែកអណ្តូងទី២ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងដំណាក់កាលញែកផុក និងប្រេង។ ឯចំណែកអណ្ដូងប្រេងចំនួន៣ទៀត នឹងដំណើរការជាបន្តបន្ទាប់។
តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧,០០០ ទៅ ៧,៥០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជានេះជាចំនួនមួយតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា។ ដូច្នេះប្រេងមិនទាន់អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចបានទេនៅក្នុងដំណាក់កាលទី១នេះ ទោះបីជាកម្ពុជាបានទទួលតំណក់ប្រេង លើកដំបូង កាលពីចុងឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា៕
ខាងក្រោមនេះជាប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធនឹងការបូមប្រេងនៅកម្ពុជា៖