គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌល Fidel Castro រដ្ឋធានីហាវ៉ាណា ប្រទេសគុយបា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌល Fidel Castro រដ្ឋធានីហាវ៉ាណា ប្រទេសគុយបា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌល Fidel Castro រដ្ឋធានីហាវ៉ាណា ប្រទេសគុយបា

    នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន​អញ្ជើញ​ទស្សន​កិច្ច​ទៅ​កាន់មជ្ឈមណ្ឌល Fidel Castro ក្នុងរដ្ឋធានីហាវ៉ាណា នៃសាធារណរដ្ឋគុយបា។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ាក់​ទាក់​បំផុត ពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌល Fidel Castro។ សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​អញ្ជើញ​ទស្សនានូវរូបភាព និងការណែនាំពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌល Fidel Castro។ មជ្ឈមណ្ឌល Fidel Castro បានដាក់តាំងបង្ហាញនូវ មហាស្នាដៃ និង​សមិទ្ធផល​នៃ​កេរ្តិ៍មរតក​សម្បត្តិ​ដ៏​មានតម្លៃរបស់ ឯកឧត្តម ហ្វីដែល កាស្ត្រូ ក្នុងការធ្វើបដិវត្តន៍ផ្តួលរំរលំ ពីឆ្នាំ១៩៥១ ដល់​ឆ្នាំ​១៩៥៩ ។ សារមន្ទីរ Centro Fidel Castro ត្រូវបានគេដាក់​បង្ហាញ​នៅ​ក្នុ​ង​វិមាន​ដ៏​ប្រណិត​មួយ​នៅ​ក្នុង​សង្កាត់វីដាដូដ៏ធំទូលាយរបស់រដ្ឋធានីហាវ៉ាណា ហើយបានបើកទ្វារ​របស់​ខ្លួន​នៅ​ថ្ងៃ​គម្រប់​ខួប​ប្រាំ​ឆ្នាំ​នៃការស្លាប់របស់មេបដិវត្តគុយបា​ លោកកាស្ត្រូ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា មជ្ឈមណ្ឌល Fidel Castro Ruz (CFCR) ត្រូវបានសម្ពោធនៅទីក្រុង Havana ដែលជាសារមន្ទីរ​ដ៏ប្រណិត​ដែល​កាន់​កាប់ប្លុកទាំងមូលនៅក្នុងសង្កាត់ វីដាដូ ។ គោលបំណងរបស់មជ្ឈមណ្ឌលនេះគឺ “ដើម្បី​សិក្សា និងផ្សព្វផ្សាយគំនិត ការងារ ជីវិត និងគំរូរបស់មេដឹកនាំប្រវត្តិសាស្ត្រគុយបា។

    សូមបញ្ជាក់ថា ក្នុងសម័យអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានផ្តល់ជូននូវមេដាយ​ឥស្សរិយ​យស ថ្នាក់ខ្ពស់បំផុត ជូនឯកឧត្តម ហ្វីដែល កាស្ត្រូ។ មេដាយ​នោះ​ត្រូវ​បានរក្សា​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នេះ ជាមួយនិងគ្រឿងឥស្សរិយយសប្រមាណ៥០០គ្រឿង ដែលឯកឧត្តម ហ្វីដែល កាស្រ្តូ ពី​បណ្តាមេដឹកនាំពិភពលោកដទៃទៀត។ មជ្ឈមណ្ឌលនេះ បាន​បើក​ទទួល​ឲ្យ​បណ្តាមេ​ដឹក​នាំ​ពិភពលោក ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលទស្សនាសិក្សាស្រាវជ្រាវពីប្រវត្តិ និង​ស្នាដៃ​នៃ​ការដឹកនាំរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបា ក្នុងការដឹកនាំ និង​កសាង​ដែនដីកោះមួយនេះ ទទួលបានឯករាជ្យនិងកសាងសង្គមមួយតាមបែបសង្គមនិយម ក្នុង​រយៈពេល​ជាង​កន្លះទសវត្សចុងក្រោយនេះ។

    សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះថ្នាក់​ដឹក​នាំ​គុយបាជំនាន់ក្រោយ ដែលបានខិតខំបង្កើតនូវមជ្ឈមណ្ឌលនេះឡើង ដើម្បីទុកឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានចូលទស្សនា និងសិក្សាស្វែងយល់ពីប្រវត្តិ និងស្នាដៃដ៏មានគុណតម្លៃរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ ក្នុងការដឹកនាំបដែនដីកោះមួយនេះ ក្នុងរយៈ​ពេល​ជាង​កន្លះ​សតវត្ស​កន្លង​មក​។ នៅក្នុងឱកាសនៃការអញ្ជើញទស្សនាមជ្ឈមណ្ឌល Fidel Castro សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់មជ្ឈមណ្ឌល ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​នៅក្នុងមជ្ឈមណ្ឌលផងដែរ។

    ខ្លឹមសារនៃការចុះហត្ថលេខាមានអត្ថន័យថា ខ្ញុំសូមកោតសរសើរ​ដល់​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​គុយបា ចំពោះគំនិតផ្តួចផ្តើមបង្កើតឲ្យមានមជ្ឈមណ្ឌលដ៏ទំនើប និងមានអត្ថន័យមួយនេះឡើង។ បើ​ទោះជាមជ្ឈមណ្ឌលទើបតែបង្កើតឡើងកាលពីឆ្នាំ២០២១កន្លងទៅយ៉ាងណាក៏ដោយ ក៏មជ្ឈ​មណ្ឌល​ពិតជាបានបង្ហាញនូវភាពសំបូរបែប ក្នុងការផ្តល់នូវការសិក្សា និងការផ្សព្វផ្សាយគំនិត ទស្សនវិស័យ ជីវិត ការតស៊ូ និងគំរូវីរភាព ដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម Fidel Castro បិតា​បដិវត្តន៍​ឯករាជ្យគុយបាជាប្រវត្តិសាស្ត្រ ហើយក៏ជាមិត្តជិតស្និទ្ធរបស់កម្ពុជា ជាពិសេស​ជា​មួយ​អតីត​ព្រះវររាជបិតាឯករាជ្យជាតិកម្ពុជា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។​ ខ្ញុំពិត​ជា​មាន​ការនឹកស្តាយ និងអាលោះអាល័យ ចំពោះការបាត់បង់នូវវីរបុរស របស់គុយបាមួយរូប ដែលបានចំណាយពេលមួយជីវិត ប្រឆាំងនឹងបច្ចាមិត្ត ជាថ្នាក់ដឹកនាំកំពូល​ម្នាក់​ប្រកប​ដោយ​គុណធម៌​ដែលតែងផ្តល់ជំនួយ និងការឧបត្ថម្ភ មិនត្រឹមតែចំពោះកម្ពុជា តែដូចជាប្រទេស​ជា​ច្រើន​លើ​សាកលលោកផងដែរ។ លើសពីនេះទៀត ការទស្សនាមជ្ឈមណ្ឌល Fidel Castro ដ៏ល្បី​ល្បាញ​​នេះ បានធ្វើអោយខ្ញុំនឹកដល់ឯកឧត្តម Fidel Castro ជាខ្លាំង ជាពិសេស គឺនឹក​ដល់​ពេល​ដែល​ខ្ញុំ​បានជួបសន្ទនាជាមួយរូបគាត់អស់រយៈពេល៨ម៉ោង ក្នុងដំណើរទស្សនកិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋ​គុយបាកាលពីឆ្នាំ១៩៩៩។ខ្ញុំសូមជូនពរសូមអោយមជ្ឈមណ្ឌលមួយនេះ ទទួលបាននូវការគាំទ្រលើសលប់ និងសម្រេចបាននូវសមិទ្ធផល​ជា​ច្រើន​បន្តបន្ទាប់​ទៀត​ក្នុង​បេសកម្ម​របស់ខ្លួន៕

    អត្ថបទទាក់ទង