សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ
នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Moon Jae-In ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ។
នៅក្នុងជំនួបនេះ ឯកឧត្តម Moon Jae-In បានស្វាគមន៍ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េនាពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាគឺជាអាទិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធទៅនឹងការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយកម្ពុជាគឺជាប្រទេសទី១ហើយ ដែលកូរ៉េបានចុះហត្ថលេខាជាមួយនេះ ។ ឯកឧត្តមបានមានប្រសាសន៍ថាប្រទេសយើងទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អហើយយើងសង្ឃឹមថា នឹងបន្តធ្វើការជាមួយគ្នាបន្តទៀត ។
ឯកឧត្តម Moon Jae-In ក៏បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ហើយប្រទេសកូរ៉េ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជា ក្នុងក្របខណ្ឌកូរ៉េ-អាស៊ានផងដែរ មិនត្រឹមប៉ុណ្ណោះ ឯកឧត្តមប្រធានាធិបតីក៏បាន ជូនពរឱ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី ឲ្យទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តម Moon Jae-In ដែលបានជួបជាទទួលជួបជាមួយសម្ដេចសារជាថ្មីម្ដងទៀត ក្រោយពីសម្ដេចបានជួប ឯកឧត្តម កាលពីអំឡុងឆ្នាំ២០២០កន្លងទៅ ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។ សម្ដេចតេជោបានគូសបញ្ជាក់ថា ដោយសារតែសម្ដេចជាសហស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ហើយឆ្នាំនេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរនោះ សម្ដេចបានមានប្រសាសន៍ថាប្រទេសយើងទាំងពីរគួររៀបចំ ឲ្យមានសកម្មភាពដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក៏ដូចជាទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងថែមទៀត។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា កន្លងទៅនេះ កម្ពុជាក៏បានបញ្ចប់នីតិវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា និងកូរ៉េ ផងដែរ។ សម្ដេចតេជោក៏ស្នើសុំឲ្យភាគីកូរ៉េជួយពន្លឿនការផ្ដល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។
សម្ដេចតេជោក៏បានស្នើឲ្យឯកឧត្តមប្រធានាធិបតី គាំទ្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងទៅនឹងរោងចក្រកែច្នៃមួយចំនួន។ សម្ដេចតេជោក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីកូរ៉េគាំទ្រដល់រូបមន្ត១បូក មានន័យថាបើសិនជាក្រុមហ៊ុនកូរ៉េមានការវិនិយោគនៅថៃ និងវៀតណាមក៏អាចបន្ថែមការវិនិយោគនៅកម្ពុជាផងដែរ។ សម្ដេចតេជោក៏បានស្នើឲ្យកូរ៉េមានការគាំទ្រ ក៏ដូចជាមានកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកកសិឧស្សាហកម្ម និងការកែច្នៃផលិតផល ដូចជាផលិតផលកសិកម្មជាដើម ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ ។ ជាមួយគ្នានោះផងដែរសម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីឱកាសល្អសម្រាប់អ្នកវិនិយោគ ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ក្នុងន័យនេះសម្តេចតេជោក៏បានស្នើឲ្យឯកឧត្តមប្រធានាធិបតីកូរ៉េ ជួយជំរុញអ្នកវិនិយោគទុនពីប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។
សម្ដេចតេជោក៏បានស្នើបន្ថែមទៀតផងដែរទាក់ទងទៅនឹង ការអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជាតាមរយៈការផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលផ្សេងៗ ក្នុងន័យនេះសម្ដេចបានស្នើឲ្យកូរ៉េបន្តជួយកម្ពុជាលើវិស័យនេះជាបន្តទៀត ដូចជាការបង្កើនការផ្ដល់អាហារូបករណ៍ ជូនដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ដូចជាការបណ្ដុះបណ្ដាលលើជំនាញផ្នែកបច្ចេកទេស និងអាកាសចរស៊ីវិល ជាដើម។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងទៅនិងពលករដែលមកបម្រើការងារនៅប្រទេសកូរ៉េ។ សម្ដេចតេជោបានស្នើសុំឲ្យកូរ៉េបន្តបង្កើនកូតានាំពលករកម្ពុជាមកធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត នឹងបន្តយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពលករកម្ពុជា ហើយសម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះកូរ៉េ លើការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍អរគុណដល់កូរ៉េ ទាក់ទងទៅនឹងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េនៅកម្ពុជា ដែលឆ្លងកាត់ទន្លេមេគង្គតាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្ដេចតេជោក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសដែលបានផ្ដល់ឥណទានសម្បទាន ជាពិសេសជំនួយសម្ភារៈវេជ្ជសាស្រ្តផងដែរសម្រាប់កម្ពុជា ។
នៅក្នុងជំនួបនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម Moon Jae-In ក៏បានផ្លាស់ប្ដូរមតិយោបល់គ្នា ជុំវិញកិច្ចសហប្រតិបត្តិការលើតំបន់ និងអន្តរជាតិ ជាពិសេសឆ្នាំនេះ ជាឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយសាធារណរដ្ឋកូរ៉េជាប្រទេសដៃគូសន្ទនាមួយដ៏សំខាន់របស់អាស៊ានផងដែរ ។ ក្នុងន័យនេះសម្តេចតេជោក៏បាន ជម្រាបជូនអំពីអ្វីដែលកម្ពុជាជ្រើសរើសជាមូលបទ គឺផ្តោតសំខាន់ អាស៊ានរួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា និងអ្វីដែលជាបញ្ហាកំពុងប្រឈមក្នុងតំបន់ និងការងារអាទិភាពសម្រាប់ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ ។ ក្រៅពីនោះសម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីបញ្ហានៅឧបទ្វីបកូរ៉េ ហើយសម្ដេចអញ្ជើញមកលើកនេះក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដើម្បីចូលរួមចំណែកក្នុងការស្វែងរកសន្តិភាព សម្រាប់ឧបទ្វីបកូរ៉េផងដែរ។
ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីកូរ៉េ បានមានប្រសាសន៍ថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយកំពុងតែបញ្ជូនទៅសភារបស់សាធារណរដ្ឋកូរ៉េ ដើម្បីផ្ដល់សច្ចាប័ន ដូច្នេះនីតិវិធីនេះបាននិងកំពុងបន្តនៅឡើយ ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា សម្រាប់ឆ្នាំ២០២២ នេះ ឯកឧត្តមបានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាប្រធានអាស៊ាន និងជូនពរឱ្យទទួលបាននូវភាពជោគជ័យ ។ ចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជានេះ ឯកឧត្តម បានមានប្រសាសន៍ថា កូរ៉េនឹងបន្តធ្វើការជាមួយនឹងកម្ពុជាជាបន្តទៀត ហើយបច្ចុប្បន្ននេះ ឯកឧត្តមបានមានប្រសាសន៍ថា មានក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុន កំពុងតែវិនិយោគនៅកម្ពុជា ។ ឯកឧត្តមប្រធានាធិបតី ក៏បានកោតសរសើរចំពោះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋ ដែលធ្វើឲ្យកម្ពុជាអាចបើកដំណើរការប្រទេសជាតិឡើងវិញបាន ។ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីនេះ ឯកឧត្តម សង្ឃឹមថា នឹងបន្តជំរុញ ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន ក្នុងការជំរុញវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរឡើង៕