លិខិតមិត្តអ្នកអាន៖ ផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ
ចាប់តាំងពីការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងក្រោមនយោបាយឈ្នះ-ឈ្នះនៅចុងឆ្នាំ១៩៩៨ ដាក់ចេញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ទើបធ្វើឱ្យកម្ពុជាចាប់ផ្តើមបើកសករាជមាសរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យសេរីភាពសារព័ត៌មានផងដែរ។
ដោយសារសេរីភាពនេះហើយ ទើបធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ និងសារព័ត៌មានដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល តែងតែផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើសបំភ្លៃក្នុងគោលបំណងបង្ខូចបង្អាប់កិត្តិយសជាតិប្រាសចាកពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង និងការពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យភាវូបនីយកម្មនៅកម្ពុជាថែមទៀត។
កម្ពុជាបច្ចុប្បន្ន ត្រូវបានចាត់ទុកជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មានដោយមូលហេតុថាមានក្រុមហ៊ុនសារព័ត៌មានជាច្រើន បាននិងកំពុងរកស៊ីលើវិស័យនេះ មានទាំងសារព័ត៌មានក្នុងស្រុក សារព័ត៌មានបរទេសនិយាយភាសាខ្មែរ សារព័ត៌មានតាមអ៊ីនធើណេត សារព័ត៌មានបណ្តាញសង្គម ដោយសេរីនិងគ្មានការរិតត្បិតសោះឡើយ។ សារព័ត៌មានខ្លះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យទៀតផង។ ចំណុចទាំងអស់នេះហើយដែលបង្ហាញឱ្យឃើញពីការរីកចម្រើននៅក្នុងសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មាន ហើយក៏ជាការបង្ហាញពីការរីកចម្រើនលើវិស័យសិទ្ធិមនុស្សផងដែរ។
ប្រជាជនកម្ពុជាបច្ចុប្បន្ន មានឱកាសទទួលបានព័ត៌មានពេញលេញ និងងាយស្រួលជាទីបំផុតនៅក្នុងដៃរបស់ខ្លួនតាមរយៈបណ្តាញសង្គមផ្សេងៗដែលអាចផ្តល់ព័ត៌មានបានលឿន ដែលប្រការនេះហើយ ក៏ជាការងាយស្រួលសម្រាប់បុគ្គលអគតិមួយចំនួនធ្វើការបំផ្លើស និងបំពុលព័ត៌មានផងដែរដែលពេលខ្លះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនតូច មើលឃើញតែភាពខ្មៅងងឹត និងភាពអសកម្មរបស់កម្ពុជា ប៉ុន្តែតាមការពិតកម្ពុជានៅក្នុងសារព័ត៌មាន គឺខុសស្រឡះពីកម្ពុជាពិតជាក់ស្តែង ដែលមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខសប្បាយរីករាយក្រោមម្លប់សន្តិភាព។
ជាការពិតមួយមិនអាចប្រកែកបានឡើយគឺ ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសារព័ត៌មានដែលត្រូវបានចាត់ទុកជាអំណាចទី៤ ក្នុងការចូលរួមកសាង និងអភិវឌ្ឍជាតិ ហើយលោក ក៏តែងតែរៀបចំពិធីជួបជុំសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំផងដែរ។ ជាក់ស្តែងនៅថ្ងៃទី១៤ មករា ២០២៣នេះ គឺជាជំនួបលើកទី៥ជាមួយអ្នកសារព័ត៌មាន ប្រមុខរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់នូវសារគន្លឹះដ៏មានអត្ថន័យមួយគឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។
ប៉ុន្តែជាអកុសល ក៏មានអ្នកសារព័ត៌មានមួយចំនួនតូចដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលបម្រើបរទេស តែងតែផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ធ្វើឱ្យអាប់ឱនដល់កិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិដែលខុសស្រឡះពីការពិត មិនស័ក្តសមជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ ដែលពេលខ្លះឈានទៅដល់បទបរិហាកេរ្តិ៍អ្នកដទៃ បទរំលោភបំពានផ្សេងៗ ដែលប្រការទាំងនេះ បានដើរផ្ទុយប្រាសចាកពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ជារួម ស្របពេលដែលកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពនិងការអភិវឌ្ឍ ក្នុងនាមជាអ្នកសារព័ត៌មាន គួរតែធ្វើការឱ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន បើទោះបីជាមាននិន្នាការស្រប ឬប្រឆាំងនឹងរាជរដ្ឋាភិបាលក្តី គឺត្រូវតែដឹងខ្លួនឯងថាកំពុងធ្វើការស្ថិតនៅក្រោមច្បាប់របស់កម្ពុជាដោយមិនអាចបង្កព្យុះភ្លៀងស្រេចតែចិត្តនោះឡើយ ហើយក៏ត្រូវដឹងខ្លួនឯងថា អ្នកសារព័ត៌មានពុំមានអភ័យឯកសិទ្ធិពិសេសអ្វីឡើយ ឱ្យតែប្រព្រឹត្តខុសច្បាប់ ត្រូវតែមានទោសដូចប្រជាពលរដ្ឋទូទៅដែរ។
សរុបមក អ្នកសារព័ត៌មាន មិនត្រូវធ្វើខ្លួនជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយនោះឡើយ ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ អាចធ្វើឱ្យសង្គមមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេសទៀតផង។ អ្នកសារព័ត៌មានទាំងអស់ មិនអាចធ្វើអំពើល្មើសច្បាប់ស្រេចតែចិត្តនាំឱ្យប៉ះពាល់សិទ្ធិសេរីភាពផលប្រយោជន៍របស់អ្នកដទៃ ឬប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់ជាតិ ឬបង្កអស្ថេរភាពនយោបាយតាមរយៈការផ្សព្វផ្សាយបំពុលព័ត៌មានក្នុងគោលបំណងបំផ្លាញសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិបានឡើយ។ ដូចនេះ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»៕
ដោយ៖ តាំង ករុណា