សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា អាទិភាពរបស់រដ្ឋាភិបាលត្រូវសង្គ្រោះប្រជាពលរដ្ឋឲ្យចេញផុតពីតំបន់រងគ្រោះសិន
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា អាទិភាពរបស់រដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសង្គ្រោះប្រជាពលរដ្ឋឲ្យចេញផុតពីតំបន់រងគ្រោះសិន។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសារខាងលើនេះ ក្នុងពេលដែលសម្ដេចអញ្ជើញចុះទៅកាន់តំបន់ដែលបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្ដេចតេជោបញ្ជាក់ថា សារនេះមិនត្រឹមតែសម្រាប់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះទេ គឺបញ្ជូនទៅគ្រប់ខេត្តទូទាំងប្រទេស។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្ដាយសម្រាប់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេសកំពុងជួបប្រទះនឹងជំនន់ទឹកភ្លៀងកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ។ សម្ដេចតេជោបន្តថា នេះជាគ្រោះធម្មជាតិមួយដែលកើតឡើងក្នុងខណៈពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ។
សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរផងដែរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើកិច្ចការងារយ៉ាងល្អ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង និងបានស្នើដល់កម្លាំងប្រដាក់បអាវុធ បន្តធ្វើជាឆ្អឹងខ្នង នៃការអន្តរគមន៍ផ្ដាច់ព្រ័ត្រ ជួយពលរដ្ឋរងគ្រោះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល និងបន្ទាយមានជ័យ បន្ដយកចិត្តទុកដាក់ទៅលើកិច្ចការតាមដាន ដំណើរវិវត្តន៍នៃចរន្ដទឹកដែលហូរចូល ខណៈដែលខេត្តមួយចំនួនទៀតស្ថានភាពទឹកជំនន់បានថមថយហើយ៕