សម្ដេចតេជោ ហ៊ុន សែន៖ តម្រូវការជាអាទិភាពនៅអ៊ុយក្រែនពេលនេះ គឺសន្តិភាព
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដោយសង្គត់ធ្ងន់ថា តម្រូវការជាអាទិភាពកំពូលនៅក្នុងប្រទេសអ៊ុយក្រែននាពេលនេះគឺ សន្តិភាព។ សម្ដេចបន្តថា បើគ្មានសន្តិភាពទេ កុំនិយាយដល់រឿងសិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និងលទ្ធិប្រជាធិបតេយ្យឲ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានូវអគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ នាពេលព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។
សម្ដេចតេជោ បានថ្លែងថា សិទ្ធិមនុស្ស សិទ្ធិរស់រានមានជវិត និងលទ្ធិប្រជាធិបតេយ្យ មិនមានក្រោមបរិយាកាសប្រទេសកើតសង្គ្រាម ក្រោមគ្រាប់បែក ឬគ្រាប់ផ្លោងនោះទេ។ សម្តេចតេជោ បានប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជារក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ បើកម្ពុជារក្សាបាន នោះកម្ពុជានឹងធ្វើដំណើរទៅមុខប្រកបដោយវឌ្ឍនភាពខ្ពស់ជាលំដាប់។