គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ ចាត់ទុកការបាត់បង់ជីវិត ឬពិការប្រជាជន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោកសម្រាប់ប្រទេសជាតិទាំងមូល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ ចាត់ទុកការបាត់បង់ជីវិត ឬពិការប្រជាជន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោកសម្រាប់ប្រទេសជាតិទាំងមូល សម្ដេចតេជោ ហ៊ុន​ សែន​ ចាត់ទុកការបាត់បង់ជីវិត ឬពិការប្រជាជន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោកសម្រាប់ប្រទេសជាតិទាំងមូល

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ បានចាត់ចំពោះការបាត់បង់ជីវិត ពិការ និងរបួសរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីន សូម្បីតែម្នាក់ដោយសារមីន និង​សំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាម គឺជា​ទុក្ខសោក និងជាការសោកស្ដាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។ នេះបើយោងតាម​សារ​លិខិត​របស់សម្ដេចតេជោ ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិ​យល់ដឹង​អំពី​មីន​២៤​កុម្ភៈ​២០២២។

    សម្ដេចតេជោ បាន​បន្តថា​ សង្គ្រាមបានបន្សល់ទុកគ្រាន់មីន គ្រាប់បែកចង្កោម និងសំណល់ជា​តិ​ផ្ទះពី​សង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបណ្ដាល​ឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួន​ពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្ក​នូវសោកនាដកម្ម​ដ៏ឈឺចាប់​ដែល​មិន​ធ្លាប់​កើត​មាន​ពីមុន​មក និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស​។

    ជាមួយនឹងការបង្រួបបង្រួមជាតិ ​ដែល​នាំមកនូវស្ថិរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាព​ពេញលេញ​ទូទាំងប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមនយោបាយ ឈ្នះ ឈ្នះ នៅចុ​ង​ឆ្នាំ១៩៩៨ រាជរដ្ឋាភិបាល​កម្ពុជា​មានលទ្ធភាពដស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ ហើយ​សមិទ្ធផល​លើ​វិស័យសកម្មភាពមីង​បាន​ចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និង​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

    ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជា​ត្រូវ​ធ្វើការ​បោសសម្អាតផ្អៃដីដែលមានមីនចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់​ជាតិ​ផ្ទះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែកចង្កោមចំនួន ១២៤០គីឡូម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេច​បាន​នូវ​ចក្ខុវិស័យ​​តាម​ផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។

    សូមជម្រាប​ជូនថា គិតចាប់ពីឆ្នាំ​១៩៩២ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំ ២៣២៥គីឡូម៉ែត្រការ៉េ ត្រូវ​បាន​​​បោសសម្អាត សម្រាប់យកទៅប្រាប់ប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ។ មីនប្រឆាំងមនុស្សចំនួន ១ ១១៨ ៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិ​ផ្ទុះពី​សង្គ្រាម​រាប់​បញ្ចូល​ទាំង​គ្រាប់បែកចង្កោមចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ទន្ទឹមនឹងនោះ​ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅនេះ៕

     

    អត្ថបទទាក់ទង