រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិការពីសប្បុរសជនចំនួនជាង ៥៤លានដុល្លារ ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩
ភ្នំពេញ៖ គិតត្រឹមម៉ោង ៤ល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៥៤ ១០៧ ៤៦៦.៥២ ដុល្លារ គិតជាប្រាក់រៀលមានចំនួន ១០ ៦២១ ៤៨៣ ៣០០ រៀល ។
ថវិកាទាំងនេះបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១ លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានាបានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕ ប្រភព៖ FreshNews