សម្ដេចពញាចក្រី ហេង សំរិន ក្រាបបង្គំថ្វាយមហាព្រះរាជកុសលចំពោះព្រះបរមវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ជាខួបឆ្នាំទី៩ ដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចូលព្រះទិវង្គត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មហាទុក្ខសោក នៃប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបាន។
សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៥តុលានេះ បានថ្វាយមហាព្រះរាជកុសលចំពោះព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចពញាចក្រីបន្តថា កូនចៅ ចៅទួតដែលជាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់រូប ចងចាំជានិច្ច នូវរាល់ព្រះរាជសកម្មភាព ព្រះរាជស្នាព្រហត្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ ដើម្បីឯករាជ្យ ការផ្សះផ្សា និងការអភិវឌ្ឍប្រទេសជាតិឲ្យបានសម្បូររុងរឿង ល្បីល្បាញពេញសកលលោកនាសម័យសង្គមរាស្រ្តនិយម ជាពិសេសព្រះរាជព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣។
ជាមួយគ្នានេះ សម្ដេចពញាចក្រី បានបួងសួងសូមឲ្យព្រះរាជាណាចកម្ពុជាយើង ទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍជានិច្ចនិរន្ត តាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា។
សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងសោយទិវង្គតនៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាវីរៈក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។
ព្រះអង្គ គឺជាតួអង្គ និងជាសាក្សីដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តខ្មែរសម័យទំនើប ក្រោយពីឡើងសោយរាជ្យនៅឆ្នាំ១៩៤១ ព្រះអង្គបាន តស៊ូទាមទារឯករាជ្យពីបារាំង រហូតបានសម្រេច នៅឆ្នាំ ១៩៥៣។ ២ឆ្នាំក្រោយមកព្រះអង្គទ្រង់បានដាក់រាជ្យថ្វាយ ព្រះបិតា របស់ទ្រង់គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ ១៩៥៥ ដើម្បីបំពេញបេសកកម្មនយោបាយ គឺការ បង្កើត និងដឹកនាំចលនា «សង្គមរាស្រ្តនិយម»។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះអង្គបានឡើងគ្រងរាជ្យម្តងទៀត ក៏ប៉ុន្តែ ការគ្រងរាជ្យជាលើកទីពីរនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ គឺ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច។ សោយរាជ្យបានរយៈពេល ១១ឆ្នាំព្រះអង្គក៏បានប្រកាសដាក់ពាក្យសារជាថ្មីម្តងទៀត នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០០៤ ទៅឲ្យព្រះបាទនរោត្តមសីហមុនី៕