សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានមិនដែលធ្លាប់ប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយដូចពេលនេះឡើយ ទាំងបញ្ហាតំបន់ និងពិភពលោក
ភ្នំពេញ៖ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អាស៊ានគឺមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដែលបានបង្កការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូល ដូចជាពេលនេះឡើយ។
សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងទៅអាស៊ាន ធ្លាប់ជាតំបន់មួយដែលត្រូវប្រឈមនឹងបញ្ហាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ។ បច្ចុប្បន្ននេះ, អាស៊ានបានក្លាយជាតំបន់មួយដែលរីកចម្រើន ដោយយើងបានរួមដៃគ្នាប្រែក្លាយភាពមន្ទិលសង្ស័យ ឱ្យទៅជាការជឿទុកចិត្តគ្នា និងផ្លាស់ប្តូរអរិភាព ក៏ដូចការប្រឈមមុខដាក់គ្នា ឱ្យទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយ នឹងសន្តិភាព និងស្ថិរភាព ជាច្រើនទសវត្សរ៍កន្លងមកនេះ, អាស៊ានសម្រេចបាននូវវិបុលភាព លើសពីការរំពឹងទុក ជាមួយនឹងកំណើន និងការអភិវឌ្ឍដ៏ខ្ពស់ និងការកែលម្អជាលំដាប់នៃ សុខុមាលភាពរបស់ប្រជាជន ។ នៅក្នុងដំណើរ នៃការរីកចម្រើន និងអភិវឌ្ឍនៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗបាន កើតមានឡើងជាបន្តបន្ទាប់ ដោយរាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយរហូតដល់បញ្ហា សង្គម-សេដ្ឋកិច្ច ។
សម្ដេចតេជោបានគូសបញ្ជាក់ថា «នៅក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេនប្រចាំឆ្នាំ យើងតែងតែ ប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការដោះស្រាយ ប៉ុន្តែយើងមិនដែលធ្លាប់ បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដែលបានបង្កការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូល ដូចជាពេលនេះឡើយ»។
ត្រង់ចំណុចនេះ សម្ដេចតេជោចង់និយាយអំពី (១) ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើម ដើម្បីស្តារ និងងើបចេញពីវិបត្តិ ដែល មានលក្ខណៈបែបពហុទិដ្ឋភាពស្របពេលដែល(២) ការប្រកួតប្រជែងដែលកាន់តែគ្រោះថ្នាក់ រវាងមហាអំណាច ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើអាស៊ាន តាមរយៈឥទ្ធិពល នៃការផ្តាច់ខ្លួន ចេញពីគ្នារវាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ការកើនឡើង នៃចំនួនសម្ព័ន្ធភាពតូចៗ ការប្រណាំងប្រជែងផ្នែកសព្វាវុធ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។ ដោយឡែក, (៣) វិបត្តិនយោបាយ និងសន្តិសុខ បូករួមវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដែលទើប កើតមានឡើងនៅមីយ៉ាន់ម៉ា ដែលជាសមាជិកគ្រួសាររបស់យើងផ្ទាល់ ក៏បានបង្កជាបញ្ហា ប្រឈមដល់មជ្ឈភាព និងឯកភាពរបស់អាស៊ាន ព្រមទាំងបានបង្កឱ្យមានការរង្គោះរង្គើដល់ ស្ថិរភាពតំបន់ផងដែរ។ នៅខាងក្រៅតំបន់អាស៊ានវិញ, (៤) សង្គ្រាមនៅអ៊ុយក្រែន ក៏បាននិងកំពុងបង្កឱ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងនៅអឺរ៉ុប ក៏ដូចជាតំបន់របស់យើងផងដែរ ។ សង្គ្រាមនេះ បានបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច, បង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរ ដល់សន្តិសុខស្បៀង និងថាមពល ហើយអាក្រក់ជាងនេះទៅទៀតនោះគឺការគំរាមកំហែងឱ្យពិភពលោកមានការបែកខ្ញែកជាថ្មីទៀត។ បន្ថែមលើនេះ, គ្រោះមហន្តរាយដែលបណ្តាលមក ពីការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្នែកសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ផ្សេងទៀត ក៏នៅតែជាកង្វល់សម្រាប់យើងទាំងអស់គ្នា៕